អឺរ៉ុប នឹងដាក់អោយនៅដាច់ដោយឡែកអ្នកដំណើរទាំងអស់នៅលើកប៉ាល់មានផ្ទុះករណីឆ្លងមេរោគ Hanta

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អឺរ៉ុប បាននិយាយថាអ្នកដំណើរទាំងអស់ជិះនៅលើកប៉ាល់ទេសចរណ៍ដែលមានផ្ទុះករណីឆ្លងមេរោគ Hantavirus ត្រូវបានចាត់ទុកជា ក្រុមមនុស្សមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ ជាវិធានការបង្ការការពារទុកមុន នៅមុនកប៉ាល់ទេសចរណ៍នេះត្រូវបានរំពឹងថានឹងចូលសំចតនៅឯកោះ Tenerife ក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦។

មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ហៅកាត់ថា ECDC បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកដំណើរមិនមានចេញរោគសញ្ញានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍សម្រាប់ការធ្វើចត្តាឡីស័ក តាមរយៈជើងហោះហើរ ដែលត្រូវបានរៀបចំជាពិសេសដោយប្រទេសរបស់ពួកគេរៀងៗខ្លួន។ ECDC បានគូសបញ្ជាក់ទៀតថា «បើទោះជាបានចុះពីកប៉ាល់ក៏ដោយ អ្នកដំណើរទាំងអស់នឹងត្រូវបានចាត់ទុក ជាក្រុមមនុស្សមានហានិភ័យខ្ពស់នៃការឆ្លង តែមិនមែនមានន័យថាពួកគេទាំងអស់គ្នានឹងត្រូវបានចាត់ទុកជាក្រុមមនុស្សមានហានិភ័យខ្ពស់នៅពេលត្រឡប់ទៅដល់ប្រទេសរបស់ពួកគេវិញនោះទេ»។
បណ្ដាប្រទេសជាច្រើន បានរៀបចំជើងហោះជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកប៉ាល់ទេសចរណ៍ MV Hondius។ ការរៀបចំនេះធ្វើឡើងបន្ទាប់ពី WHO បាននិយាយថាមនុស្ស៨នាក់ បានធ្លាក់ខ្លួនឈឺ ក្នុងនោះមាន៣នាក់បានស្លាប់ដែលជាប្ដីប្រពន្ធមួយគូរជាជនជាតិហូឡង់ និងម្នាក់ទៀតជាពលរដ្ឋអាល្លឺម៉ង់។ មនុស្ស៦នាក់ក្នុងចំណោម៨នាក់ត្រូវបានបញ្ជាក់់ថាបានឆ្លងមេរោគ Hantavirus និង២ករណីផ្សេងទៀតជាករណីសង្ស័យ។ Hantavirus ជាមេរោគដែលចម្លងជំងឺដោយពពួកសត្វកកេរ ជាពិសេសគឺសត្វកណ្ដុរ ហើយក្នុងករណីកម្រខ្លះវាក៏ចម្លងជំងឺពីមនុស្សទៅមនុស្ស ផងដែរ។
មកទល់នឹងពេលនេះ WHO បាននិយាយថាហានិភ័យនៃការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះមានកម្រិតទាបនៅឡើយ ប៉ុន្តែវិធានការការពារតាមរយៈការរក្សាអនាម័យ និងលាងដៃ ជាមួយសាប៊ូ ជាប្រចាំគឺជាវិធានការបង្ការដ៏ប្រសើរមួយ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print