ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនផ្ដល់ថវិកា ១៧ ម៉ឺនដុល្លារ សម្រាប់លើកកម្ពស់ផលិតភាព និងបរិវត្តកម្មឌីជីថល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថល ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការគាំទ្រគោលនយោបាយ និងការចែករំលែកចំណេះដឹងក្នុងតំបន់។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះបានធ្វើឡើងនៅថ្ងៃទី ៨ ឧសភា ២០២៦ ក្រោមវត្តមានលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

 

គម្រោងថ្មីនេះទទួលបានការគាំទ្រថវិកាប្រមាណ ១៧០.០០០ ដុល្លារ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់រយៈពេល ១៥ ខែ ដោយផ្តោតលើការជំរុញបរិវត្តកម្មឌីជីថល ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសម្រាប់សហគ្រាសដឹកនាំដោយស្ត្រី និងអាជីវកម្មដែលមាននិរន្តរភាពបរិស្ថាន។

 

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានរំលេចពីតួនាទីសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលមិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតួអង្គស្នូលក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

 

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ បានក្លាយជាកាតាលីករក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាភាពធន់របស់សេដ្ឋកិច្ចជាតិ និងតំបន់។“

 

សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណពី ៨៨,៨% ដល់ ៩៩,៩% នៃចំនួនសហគ្រាសទាំងអស់ក្នុងតំបន់អាស៊ាន។ សហគ្រាសជាច្រើនកំពុងប្រឈមនឹងបញ្ហា ដូចជាផលិតភាពនៅមានកម្រិត ជំនាញឌីជីថល ការចាប់យកច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗ នៅមិនទាន់ទូលំទូលាយ។

 

នាឱកាសនោះដែរ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឆ្នាំនេះគឺជាខួបទី១០ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

 

បន្ថែមពីនេះ លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា៖ “រដ្ឋាភិបាលចិនប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ទី២ (LMC 2.0) ប្រកបដោយសាមគ្គីភាព និងបើកចំហដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ នវានុវត្តន៍បៃតង សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរួមគ្នាកសាងនូវទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។”

...

 

គួរជម្រាបជូនថា កម្ពុជា ចាប់តាំងពីឆ្នាំ២០១៧ បានទទួលផ្លៃផ្កាជាច្រើនពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ រួមទាំងគម្រោងជាង ១០៦ គម្រោង ដែលទទួលបានថវិកាពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print