សេអ៊ូល, កូរ៉េ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល និងដឹកនាំការរៀបចំស្តង់កម្ពុជាចំនួន ៥ទីតាំង ក្នុងព្រឹត្តិការណ៍ “បុណ្យមិត្តភាពសេអ៊ូល លើកទី៣០” (2026 Seoul Friendship Festival) ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៦ និងសហការរៀបចំដោយសាលាក្រុងសេអ៊ូល (the Seoul Metropolitan Government – SMG) ជាមួយសា្ថនទូត៧៣ ប្រចាំនៅសាធារណរដ្ឋកូរ៉េ ។
កម្មវិធីនេះ រៀបចំឡើងនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ ដុងដេមូនផ្លាសា (DDP-Dongdaemun Design Plaza) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានកម្មវិធីចម្រុះជាច្រើន រួមមាន៖ ការសម្តែងសិល្បៈវប្បធម៌ពិភពលោក ស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន៤៥ ស្តង់ម្ហូបអាហារចំនួន៣០ ស្តង់លក់បង្អែម១៩ និងសកម្មភាពផ្សេងៗនៅក្នុង K-Culture Zone ផ្ទាំងទស្សនីយភាពរូបភាពផ្តិតមកពីទីក្រុងជុំវិញពិភពលោក ម៉ូដសម្លៀកបំពាក់តាមប្រទេសនីមួយៗ ការសាកល្បងកម្មវិធី K- Beauty និងបណ្ណាល័យ Seoul Pop-Up Library ដែលជាឱកាសមួយក្នុងការផ្លាស់ប្តូរនូវវប្បធម៌ដ៏ធំបំផុតរវាងប្រទេសកូរ៉េ និងពិភពលោក ក្រោមប្រធានបទ “ខួបលើកទី៣០ ជាមួយពិភពលោក ការរួមគ្នាតាមរយៈវប្បធម៌”។
ក្នុងឱកាសនេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានរៀបចំស្តង់ស្ថានទូតកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា ដូចជា៖ ស្តង់នំ-បង្អែម ស្តង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្តង់បង្ហាញវីដេអូនិងរូបភាពផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការសម្តែងសិល្បៈខ្មែរ រួមមាន៖ របាំនារីជាជួរ របាំក្ងោក និងក្បាច់គុនល្បុក្កតោខ្មែរ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលទស្សនា ផងដែរ៕












