ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានចេញផ្សាយនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦នេះថា៖ ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ២៣,៣៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ១៩,៩% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ដែលមានទឹកប្រាក់ ១៩,៥០ ពាន់លានដុល្លារ។
ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ២០២៦ កម្ពុជានាំទំនិញចេញទៅប្រទេសដៃគូអន្តរជាតិមានតម្លៃជាង ១១,១២ ពាន់លានដុល្លារ កើនឡើង ២១,៧% ចំណែកឯទំនិញនាំចូលមកវិញមានតម្លៃ ១២,២៦ ពាន់លានដុល្លារ កើនឡើង ១៨,៣%។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយដៃគូអន្តរជាតិមានការកើនឡើង ដោយសារកំណើននៃការចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល ២ ឆ្នាំ កន្លងមកមានជាង ១ ពាន់គម្រោង ដែលបំបែកកំណត់ត្រាខ្ពស់បំផុត។
ដោយឡែកអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីសំខាន់ ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា មុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគច្រើនប្រមូលផ្ដុំ និងមានសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិសនី។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។
បើតាមយោងតាមក្រសួងពាណិជ្ជកម្ម បាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥សម្រេចបាននូវទំហំទឹកប្រាក់ ៦៥,២៥ ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និងនាំចូលមកវិញមានតម្លៃ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%៕
ដោយ៖តារា










