ភ្នំពេញ ៖ សម្តេចធិបតីបានលើកឡើងថា ៖ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី បងប្អូន អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ជាទីស្នេហារបស់យើងនៅគ្រប់ដំណាក់កាល។ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងគ្រប់ប្រភេទនៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិដែលបាននិងកំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិនិងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ៖ នៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលក្នុងនោះ ការអភិវឌ្ឍ វិស័យសង្គមកិច្ចស្ថិតនៅក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្រ ៖ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងមុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង មានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាងនិងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំនិងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធ ស្បៀងដែលផ្តល់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រម ចំនួន៤ គឺ៖
(១)- ចីរភាពនៃកម្មវិធី។
(២)- លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ។
(៣)- ការធានាបរិយាបន្ន និង សមធម៌សង្គមដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ។
និង (៤)- ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ ៕
ដោយ ៖ សិលា










