Lionel Messi នៅតែជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងក្របខណ្ឌបាល់ទាត់ Major League Soccer (MLS)របស់អាមេរិក នេះបើយោងតាមបញ្ជីប្រាក់ឈ្នួលថ្មីដែលចេញផ្សាយដោយសមាគមកីឡាករ MLS កាលពីថ្ងៃអង្គារ។
តារាបាល់ទាត់អាហ្សង់ទីនរូបនេះ មានប្រាក់ខែគោលប្រចាំឆ្នាំចំនួន 25 លានដុល្លារ ដែលខ្ពស់ជាងទ្វេដងនៃកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់លំដាប់ទី 2 គឺ Son Heung-min។
បញ្ជីប្រាក់ឈ្នួលថ្មីនេះ បានឆ្លុះបញ្ចាំងពីកិច្ចសន្យាបន្តដែល Messi បានចុះហត្ថលេខាជាមួយ Inter Miami CF កាលពីខែតុលា ដែលនឹងរក្សារូបគេនៅជាមួយក្លិបរដ្ឋ Florida នេះរហូតដល់រដូវកាល 2028។
យោងតាមទិន្នន័យ ប្រាក់ខែគោលរបស់ Messi បានកើនឡើងទ្វេដង ខណៈកិច្ចព្រមព្រៀងសរុបនឹងធ្វើឱ្យគាត់ទទួលបានប្រាក់ធានាសរុប 28.3 លានដុល្លារ។
ចំណែក Son Heung-min ដែលជាអតីតប្រធានក្រុម Tottenham Hotspur និងបានចូលរួមជាមួយ Los Angeles FC កាលពីខែសីហាឆ្នាំមុន ក្នុងតម្លៃផ្ទេរកំណត់ត្រា MLS ប្រហែល 26 លានដុល្លារ មានប្រាក់ខែគោល 10.36 លានដុល្លារ និងប្រាក់ធានាសរុប 11.2 លានដុល្លារ។
ប្រាក់ឈ្នួលទាំងនេះ មិនរាប់បញ្ចូលប្រាក់ចំណូលពីកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មឡើយ ហើយសំណងរបស់ Messi ក៏មិនបានរាប់បញ្ចូលជម្រើសក្នុងការទិញភាគហ៊ុននៅក្លិប Inter Miami CF ដែលមាន David Beckham ជាម្ចាស់រួមផងដែរ។
Messi វ័យ 38 ឆ្នាំ ដែលត្រូវបានរំពឹងថានឹងដឹកនាំ ក្រុមការពារជើងឯក World Cup របស់ប្រទេសអាហ្សង់ទីន នៅខែក្រោយនេះ បានស៊ុតបញ្ចូលទី 59 គ្រាប់ ក្នុងការប្រកួត MLS រដូវកាលធម្មតា 64 ប្រកួតជាមួយ Miami។
គាត់ក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគកាលពីរដូវកាលមុន ដោយរកបាន 29 គ្រាប់ និងទទួលបានពានកីឡាករល្អបំផុត (MVP) សម្រាប់រដូវកាលទី 2 ជាប់គ្នា។
មិត្តរួមក្រុមរបស់ Messi នៅ Inter Miami និងក្រុមជម្រើសជាតិអាហ្សង់ទីន គឺ Rodrigo De Paul ឈរលេខ 3 ក្នុងបញ្ជីនេះ ជាមួយប្រាក់ធានាសរុប 9.7 លានដុល្លារ។
ខ្សែប្រយុទ្ធម៉ិកស៊ិក Hirving Lozano ដែលគេស្គាល់ថា “Chucky” ឈរលេខ 4 ជាមួយប្រាក់ 9.3 លានដុល្លារ ទោះបីគាត់មិនបានបង្ហាញខ្លួនឱ្យ San Diego FC តាំងពីខែវិច្ឆិកាមកក៏ដោយ។
ខណៈ កីឡាករMiguel Almiron របស់ Atlanta United FC បំពេញកំពូលទាំង 5 ជាមួយប្រាក់ធានាសរុប 7.9 លានដុល្លារ។
សរុបប្រាក់សំណងទាំងមូលក្នុងលីគ MLS ត្រូវបានកត់ត្រានៅ 631 លានដុល្លារ ខណៈប្រាក់សំណងធានាជាមធ្យមសម្រាប់កីឡាករម្នាក់ៗគឺ 688,816 ដុល្លារ កើនឡើង 8.9% បើធៀបនឹងទិន្នន័យដែលចេញផ្សាយកាលពីខែតុលាឆ្នាំមុន៕










