សម្តេចធិបតី សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះ ព្រះករុណា និងសម្តេចម៉ែ ដែលព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ 

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចមានប្រសាសន៍ថា ៖ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែផ្តល់ការគាំទ្រដល់អតីតយុទ្ធជន អតីតមន្ត្រីរាជាការស៊ីវិល និងគ្រួសារជនពលីមរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត។ ខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជន ពលីមរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្តនិងកាយវិការដ៏សប្បុរសនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីនៃការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ

គ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានេះ សម្តេចបន្តថា ៖ ខ្ញុំសូមអំពាវនាវដូចតទៅ៖

 

១- បងប្អូនអតីតយុទ្ធជន និងនិវត្តជន សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តមនិងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាលនិងប្រជាជនទូទាំងប្រទេសពិតជាចងចាំ ជានិច្ចនូវការលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនគ្រប់រូប ចំពោះជាតិមាតុភូមិ ជាទីស្នេហានៃយើង។

 

២- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន និវត្តជននៅតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ និងកំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេ និងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់។

 

៣- ក្រសួងព័ត៌មានត្រូវណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងឯកជនផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹង វិស័យអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលឱ្យសាធារណជនជាតិនិងអន្តរជាតិបានយល់ដឹងជ្រួតជ្រាបកាន់តែ ទូលំទូលាយបន្ថែមទៀត។

 

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អនិងមានប្រសិទ្ធភាពនូវ ការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជន និវត្តជន និងការផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួង ត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារដែលក្រីក្រ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

 

៥- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួម ក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រដល់គ្រួសារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដែលកំពុងជួបប្រទះការលំបាក។

 

៧- សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគម តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជន នៅក្នុងសង្គមជាតិ និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង៣ពូកែ (ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ ការអភិវឌ្ឍសហគមន៍និងសង្គមជាតិពូកែ) ដើម្បីជាប្រយោជន៍ដល់បងប្អូននិងប្រទេសជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print