ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូធម្មជាតិ បានហក់ឡើងគួរឱ្យកត់សម្គាល់ ដោយ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម និង ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ខណៈរោងចក្រផលិតសំបកកង់រថយន្តកំពុងមានតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើង។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា នាពេលនេះ ជ័រកៅស៊ូធម្មជាតិ ជាលក្ខណៈគ្រួសារ ទិញនៅចម្ការ គឺ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម និង ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ដែលតម្លៃអាស្រ័យទៅតាមរយៈពេលបង្កក និងតំបន់។
លោកអគ្គនាយករង បន្តថា ដោយឡែក ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ សម្រេចបានក្នុងបរិមាណ ៨១ ១១៧ តោន ហើយតម្លៃជ័រកៅស៊ូសម្រាប់នាំចេញទីផ្សារអន្តរជាតិ មានតម្លៃជាមធ្យម ១ ៧៨៥ ដុល្លារអាម៉េរិកកក្នុងមួយតោន។ តម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំ២០២៥ដែរ គឺ ជាមធ្យម ១ ៧៥៦ ដុល្លារអាម៉េរិក ក្នុងមួយតោន។
ប្រទេសចិន គឺជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៤៥% នៃតម្រូវការសរុបនៅឆ្នាំ២០២៤ ហើយប្រទេសចិនក៏អ្នកផលិតសំបកកង់រថយន្តធំជាងគេបំផុតរបស់ពិភពលោក ផងដែរ។
បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តកើនដល់ចំនួន ៨ ហើយ ក្នុងនោះ រោងកច្រចំនួន ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម និងរោងចក្រចំនួន ២ទៀតកំពុងដំណើរការសាងសង់។ ជ័រកៅស៊ូក្នុងស្រុកគឺជាវត្ថុធាតុដើមជាចម្បងសម្រាប់ផលិតសំបកកង់រថយន្ត ដែលស្រូបទាញជ័រកៅស៊ូចំនួន ១២៤ ២៣១តោន កាលពី ក្នុងឆ្នាំ២០២៥ ហើយបរិមាណជ័រកៅស៊ូ ប្រើប្រាស់ក្នុងស្រុក រំពឹងថា នឹងកើនឡើងថែមទៀតសម្រាប់ឆ្នាំ២០២៦នេះ៕
ដោយ៖តារា










