ភ្នំពេញ៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត នៅព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៦នេះ បាននាំយកស្បៀងអាហារដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ីទៅចែកជូនដល់បងប្អូនខ្មែរឥស្លាមមានជីវភាពខ្វះខាតចំនួន៧០គ្រួសារដែលកំពុងរស់នៅប្រកបមុខរបរលើទូកបណ្តែតទឹកក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
លោក អែល សៀត បានមានប្រសាសន៍ថាស្បៀងអាហរដែលយកមកចែកជូនដល់នងប្អូននាពេលនេះ គឺបានមកពីទឹកចិត្តសប្បុរសធម៌ពីបងប្អូនមូស្លីមនៅក្នុងប្រទេសម៉ាឡេស៊ី ដែលទាំងនេះគឺបានបង្ហាញឱ្យឃើញថា “សាសនិកឥស្លាមគ្រប់រូប គឺជាបងប្អូននឹងគ្នា” ទោះបីជានៅឆ្ងាយពីគ្នា ឬខុសសញ្ជាតិក៏ដោយ ក៏យើងតែងតែយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក៍ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនដែលខ្វះខាតផងដែរ។
លោកបានបន្តថា សកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម វាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យសាសនិកឥស្លាមប្រជែងគ្នាធ្វើអំពើល្អនេះដោយការចែករំលែកនេះបានបង្ហាញថា “យើងសុទ្ធតែជាបងប្អូននឹងគ្នា” ។
ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាម ឯកឧត្តម អែល សៀត ក៍បានថ្លែងអំណរគុណចំពោះសប្បុរសជនជាពិសេសម្ចាស់ជំនួយពីម៉ាឡេស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រកិច្ចការសាសនា និងសកម្មភាពមនុស្សធម៌ផ្សេងៗហើយការគាំទ្រនេះមានសារៈសំខាន់ក្នុងការជួយសម្រាលការខ្វះខាតនិងលើកកម្ពស់ជីវភាពសាសនិកឥស្លាមនៅកម្ពុជាហើយអំណោយទាំងនេះ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ ៕
ដោយ៖ សំរិត










