ភ្នំពេញ ៖ ការបណ្ដុះស្មារតីប្រជាពលរដ្ឋពិសេសយុវជនឱ្យស្នេហាជាតិ គឺជារឿងសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាធ្វើ។ នេះគឺជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៅក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹង “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា”។ ប្រមុខរដ្ឋាភិបាលបន្ថែមថា កន្លងមកមានការលើកឡើងថាចូលកាតព្វកិច្ចយោធាគឺជាបន្ទុក ដូច្នេះត្រូវផ្លាស់ប្ដូរផ្នត់គំនិតនេះ ដោយធ្វើយ៉ាងណាឱ្យយល់ថា វាជាមហាកិត្ដិយសដែលគ្រប់គ្នាចង់ធ្វើ។
សូមរម្លឹកថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមន្រ្តី និងតំណាងរាស្រ្ត ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរដែលយើងបានសួរ ថាអ្នកចូលកាតព្វកិច្ចនេះ ហាក់ដូចជាបន្ទុក ត្រូវធ្វើយ៉ាងម៉េច ផ្លាស់ប្តូរផ្នត់គំនិតនេះ។ ការចូលកាតព្វកិច្ច គឺជាមហាកិត្តិយស ដែលគ្រប់គ្នាត្រូវចង់ធ្វើ»។
សម្តេចបានឲ្យដឹងដែរថា ច្បាប់នេះមានគោលបំណងពង្រឹងវិស័យការពារជាតិ ការពារបូរណភាពទឹកដី បណ្តុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍវិន័យដល់យុវជនខ្មែរ។
រដ្ឋសភាកម្ពុជា បានអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយសំឡេងគាំទ្រទាំងស្រុង។ ច្បាប់ថ្មីនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរភេទប្រុស ដែលមានអាយុពី ១៨ ទៅ ២៥ឆ្នាំ បំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ដែលបានកែសម្រួលពី ១៨ខែ នៃច្បាប់ចាស់ឆ្នាំ២០០៦ ខណៈការចូលរួមសម្រាប់ស្ត្រី គឺផ្អែកលើការស្ម័គ្រចិត្ត។ អ្នកដែលគេចវេសពីកាតព្វកិច្ចនេះអាចប្រឈមមុខនឹងទោសផាកពិន័យ និងការដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ឆ្នាំ៕
ដោយ ៖ សិលា











