ប៉េកាំង​ បានយល់ព្រមបញ្ជាទិញយន្ដហោះ២០០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing

ចែករំលែក៖

ទីក្រុង​ប៉េកាំង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ បាននិយាយថា​ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថា​ ប៉េកាំងបានយល់ព្រមបញ្ជាទិញយន្ដហោះ២០០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ខណៈរូបលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសចិន។

លោក ត្រាំ ធ្វើការប្រកាសខាងលើក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News។ ប៉ុន្តែក្រោយការប្រកាសនេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ៤.១ភាគរយ អំឡុងផ្សារភាគហ៊ុនបើកការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ក៏ព្រោះតែការបញ្ជាទិញនេះមានចំនួនតិចជាងការរំពឹងទុក។ បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកធ្លាប់បានរាយការណ៍ថាចិនអាចនឹង បញ្ជាទិញយន្ដហោះ Boeing 737 MAX ប្រហែលជា ៥០០គ្រឿង បូកបន្ថែមយន្ដហោះខ្នាតយក្ស ១០០គ្រឿងទៀតពីក្រុមហ៊ុន Boeing ដូចជាយន្ដហោះ 787 Dreamliner និង 777។ ខាងក្រុមហ៊ុន Boeing ភ្លាមៗមិនបានឆ្លើយតបអ្វីទេទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី AFP។

គួរបញ្ជាក់ថា នាយកប្រតិបត្តិ CEO ក្រុមហ៊ុន Boeing លោក Kelly Ortberg ក៏បានស្ថិតក្នុងចំណោមគណៈប្រតិភូមអមដំណើរលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំងផងដែរ។ លោក Ortberg បានប្រាប់ក្រុមអ្នកវិភាគកាលពីខែមេសាកន្លងទៅថាលោករំពឹងថាចិនអាចនឹងបញ្ជាទិញយន្ដហោះពីក្រុមហ៊ុនរបស់លោក ហើយ១០០ភាគរយ វាអាស្រ័យលើការចរចា និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

...

ការបញ្ជាទិញយន្ដហោះលើកចុងក្រោយបំផុតរបស់ចិនពីក្រុមហ៊ុន Boeing ធ្វើឡើងកាលពីឆ្នាំ២០១៧ ជាពេលដែលលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅចិនអំឡុងអាណត្តិទី១ របស់លោក។ នៅពេលនោះចិនបានបញ្ជាទិញយន្ដហោះ Boeing ៣០០គ្រឿង ក្នុងទំហំទឹកប្រាក់ ៣៧ពាន់លានដុល្លារ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print