ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានហាមពាណិជ្ជករ អាជីវករ មិនឱ្យនាំចូល និងលក់ ស្ករសដែលមានបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម បន្ទាប់ពីបាន រកឃើញថាមានអ្នកលួចបន្លំផលិតផលស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ ហើយត្រូវបានយកមកវេចខ្ចប់ឡើងវិញប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម ក្នុងចេតនានៃការបន្លំប្រភព នៅខេត្តកំពត។
ការរកឃើញនេះ បន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត ដឹកនាំដោយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
ស្ករសច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ និងត្រូវបានយកមក វេចខ្ចប់ឡើងវិញប្តូរបាវមានស្លាកសញ្ញាជាអក្សរវៀតណាម សង្ស័យអាចមាន ការចែកចាយលក់នៅលើទីផ្សារកម្ពុជា។ ក្នុងន័យនេះ ដើម្បីអនុវត្តនីតិវិធីអង្កេតដានបន្ត អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ និងស្នើសុំកិច្ចសហការ ដូចខាងក្រោម៖
* ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ៖ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬ វេចខ្ចប់ឡើងវិញ នូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុង ឧបសម្ព័ន្ធ) ក្នុងចេតនាក្លែងបន្លំប្រភពនៃទំនិញ ជាដាច់ខាត។
* ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយបន្ត៖ មិនត្រូវលក់ ចែកចាយ ឬវេចខ្ចប់ឡើងវិញ ផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិតនាំចូល ចែកចាយផលិតផលទាំងនោះ និងការយកសំណាកគំរូមកវិភាគនៅមន្ទីរ ពិសោធន៍ដើម្បីស្វែងរកមុខសញ្ញានៃគ្រោះជាយថាហេតុ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផលសម្រាប់លក់ជូនអ្នកប្រើប្រាស់។
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមជៀសវាងការទិញ នូវផលិតផលទំនិញស្ករសបំពាក់ម៉ាក សញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមាន ភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយលក់ ចែកចាយ ផ្គត់ផ្គង់ ក្នុងទីផ្សារ។
ក្នុងករណីសង្ស័យមានការអនុវត្តមិនសុចរិតពាក់ព័ន្ធនឹងការប្រកបអាជីវកម្មណាមួយ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន សហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ ១២៦៦៕ដោយ៖សិលា










