ភ្នំពេញ៖ ក្នុងជំនួបតាមទូរស័ព្ទរវាង លោកស្រី Allison Hooker អនុរដ្ឋលេខាធិកាេ នៃក្រសួងការបរទេសអាមេរិក និងលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បានសន្ទនាតាមទូរស័ព្ទពីបញ្ហាក្នុងតំបន់ និងសកល ជាពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងកម្ពុជា និងអាមេរិក បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាប លោកស្រី Allison Hooker អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវអនុស្សរណៈនៃការ យោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារ ត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001)។
លោកឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជាតែងតែខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ស្របតាមច្បាប់អន្តរជាតិ និងបានបញ្ជាក់ពីបំណង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ។
លោកស្រី Allison Hooker បានបញ្ជាក់ការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក និងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ និងបានជំរុញភាគីទាំងពីរប្រើប្រាស់ឱ្យបានពេញលេញ នូវយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដើម្បីស្វែងរកឫសគល់នៃជម្លោះ និងគាំទ្រការដោះស្រាយបញ្ហា ដោយសន្តិវិធី៕ដោយ៖តារា










