ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួចរថយន្តចេញពីការាសសាំងមួយកន្លែងនៅផ្លូវជាតិលេខ២ក្នុងមូលដ្ឋានខណ្ឌមានជ័យ ហើយបើកគេចទៅបុករះរថយន្ត២គ្រឿងនិងឡំប្រឺតា១គ្រឿងរងការខូចខាត កាលពីវេលាម៉ោង៧:១៥នាទីយប់ ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BT-9321 ចតនៅក្នុងការាសសាំងមួយកន្លែងនៅលើផ្លូវជាតិលេខ២។ ក្រោយមកស្រាប់តែលេចមុខជនសង្ស័យម្នាក់ចូលមកធ្វើសកម្មភាពលួចយករថយន្តនោះបានសម្រេច ហើយព្យាយាមបើករត់គេចពីផ្លូវជាតិលេខ២ក្នុងខណ្ឌមានជ័យ ទៅបុករះរថយន្ត១គ្រឿងនិងឡំប្រឺតា១គ្រឿងទៀត ខណៈសមត្ថកិច្ចជិះប្រដេញតាមពីក្រោយ ហើយជនសង្ស័យប្រឹងបន្តល្បឿនបើករត់ទៅមុខឆ្ពោះទៅផ្លូវព្រះនរោត្តមក៏បានទីបុករថយន្តចំនួន១គ្រឿងបន្ថែមទៀតទើបរថយន្តទៅមុខលែងរួចត្រូវសមត្ថកិច្ចចាប់បានដឹកយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមដើម្បីសួរនាំបន្ត។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ភាគីរថយន្តរងគ្រោះចំនួន២គ្រឿងនិងឡំប្រឺតាមួយគ្រឿងសុំយកទៅជួសជុលរៀងៗខ្លួន ចំណែករថយន្តដែលត្រូវចោរលួចនោះ សមត្ថកិច្ចជំនាញបានស្ទូចយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនទៅឲ្យម្ចាស់វិញ៕ ដោយ ៖ ភារ៉ា ដង្កោ










