ក្រសួងទេសចរណ៍​រៀបចំព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនមេគង្គ-ឡានឆាង ​Caravan Tour អបអរឆ្នាំទេសចរណ៍កម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានអញ្ជើញជាអធិបតី ប្រកាសបើកព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង នាទីស្តីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ។

 

កម្មវិធី​ដែលរៀបចំឡើង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ កម្ពុជា និង ចិន មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, គណប្រតិភូអមដំណើរ ក្បួនរថយន្ត Caravan Tour ទាំងកម្ពុជា និងចិន ចូលរួមយ៉ាងច្រើនកុះករ។ ​

 

អញ្ជើញចូលរួម ក្នុងកម្មវិធីនេះ ផងដែរ, ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ការរៀបចំដំណើរនេះ មិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាបេសកម្មទេសចរណ៍ និងវប្បធម៌ ដ៏ធំមួយ ដែលឆ្លុះបញ្ចាំងអំពី ស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការតំបន់។ ការជ្រើសរើស ប្រទេសឡាវ ឆ្លងកាត់ប្រទេសចិន គឺជាការតភ្ជាប់ខ្សែ​ចង្វាក់ទេសចរណ៍តាមផ្លូវគោក នៃបណ្តាប្រទេស ដែលរស់នៅតាមដងទន្លេមេគង្គ ឡានឆាង ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ យ៉ាងខ្លាំងក្លា។

 

បើតាមលោកស្រី ឆាយ ស៊ីវលីន , ដំណើរនេះ ធ្វើឡើង ក្នុងគោលបំណងគាំទ្រការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីឆន្ទៈរឹងមាំ, លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងការតភ្ជាប់សេដ្ឋកិច្ច រវាងកម្ពុជា ឡាវ ចិន ដោយធ្វើដំណើ​រ តាមក្បួនរថយន្ត ដើម្បីចូលរូមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេស ផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង ឆ្នាំ២០២៦»។

 

« បេសកកម្មនេះ មានរយៈពេល ២៣ថ្ងៃ ដោយក្បួនរថយន្ត ចេញពីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែឧសភានេះ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ឆ្លងកាត់​ប្រទេសឡាវ មុនពេលបន្តដំណើរទៅខេ​ត្ត យូណាន ប្រទេសចិន ហើយ គ្រោងត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា។

 

​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ មានកម្មវិធីធំៗ ចំនួន១២ រៀបចំឡើង ទាំងនៅកម្ពុជា និងចិន ហើយ ព្រឹត្តិការណ៍ទាំងនេះ តែងតែមានការបូកបញ្ជូលគ្នា នូវវប្បធម៌ ប្រពៃណី ទំនៀបទំម្លាប់ ជាពិសេស សក្តានុពលទេសចរណ៍រវាងប្រទេសទាំង ពីរ កម្ពុជា រៀបចំឡើង​​យ៉ាងរលូន ទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់ប្រជាជនទាំងពីរ និងអបអរសាទរ ពីភ្ញៀវអន្តរជាតិ យ៉ាងច្រើនកុះករ។

 

ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាងនេះ ​គឺជាព្រឹត្តិការណ៍ធំទី១១។ ឯកឧត្តម សូមឲ្យការធ្វើដំណើរ ជួបប្រទះតែភាពរីករាយ និង ការចងចាំ សម្រាប់ដំណើរជាប្រវត្ថិសាស្ត្រ មួយនេះ ហើយជឿជាក់ថា បេសកកម្មនេះ នឹងចូលរួមជំរុញឆ្នាំទេសចរណ៍កម្ពុជានិងចិន កាន់តែល្អប្រសើរឡើងថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print