ភ្នំពេញ៖ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅទីតាំងអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ជាក់ស្ដែងកម្លាំងចម្រុះដឹកនាំដោយលោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងចូលរួមសហការដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី អភិបាលរង, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ កម្លាំងចម្រុះបានចុះត្រួតពិនិត្យរកឃើញ មនុស្សចំនួន១០៤នាក់ និងសម្ភារៈវត្ថុតាង មានដូចខាងក្រោម៖
*ទី១៖ ជនបរទេសសរុបចំនួន៨៣នាក់ (ស្រី៥នាក់) មាន២សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន៖ ជនជាតិចិន ចំនួន៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាមម្នាក់។
*ទី២៖ ជនបរទេសសរុបចំនួន២១នាក់ (ស្រី២នាក់) មាន៥សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់)។
សម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន៣៦គ្រឿង, IPAD ចំនួន៥គ្រឿង, ម៉ូនីទ័រ (MONITOR) ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន៨០០គ្រឿង និងធុង CPU ចំនួន៦គ្រឿង។
ក្រោយប្រតិបត្តិការចប់ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឲ្យវិនិយោគ (Investment Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕ដោយ៖តារា










