ភ្នំពេញ៖ ក្នុងយុទ្ធនាការនិយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ ដែលមានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំជាង ២៥០០នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់វា។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព គឺសូមកុំចែករំលែកព័ត៌មានក្លែងក្លាយ ដោយក្នុងករណីដែលប្អូនៗយល់ថាព័ត៌មានមួយនេះវាមិនត្រឹមត្រូវទេ សូមកុំចែករំលែកបន្តឱ្យសោះ ព្រោះថាកាលបើយើងចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយអាចនាំឱ្យយើងប្រឈមមុខនឹងផ្លូវច្បាប់ ដែលសិស្សានុសិស្សយើងត្រូវតែចៀសវាងការប្រឈមនឹងផ្លូវច្បា ប់ ព្រោះយើងកំពុងតែសិក្សាត្រូវប្រឹងសិក្សារៀនសូត្រ និងនាំគ្នាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា។
ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទី១.ត្រូវមានដែលមានប្រភពច្បាស់លាស់ ទី២.ត្រូវមើលថាព័ត៌មានមួយនេះមានគេផ្សព្វផ្សាយច្រើនគ្នាដែរទេ ទី៣.ត្រូវគិតថាវាពិតជាត្រឹមត្រូវដែរឬទេមុននឹងជឿ តែយកល្អយើងត្រូវជឿទៅលើប្រភពផ្លូវការ ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងប្រព័ន្ធផ្សព្វ ផ្សា យឯកជន ដែលមានការដកស្រង់ព័ត៌មានពីប្រភពច្បាស់លាស់មកធ្វើការចុះផ្សាយ សូមកុំឱ្យមើលព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់ដែលអាចជាព័ត៌មានមិនពិត តែបើមកពីប្រភពផ្លូវការ គឺជាព័ត៌មានដែលត្រឹមត្រូវ។
លោកបានបន្តថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះនឹងត្រូវធ្វើនៅតាមសាលារៀននៅទូទាំងប្រទេសបន្ទាប់ពីយុទ្ធនាការនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំនាពេលនេះ ដែលជាការជួបជុំដ៏សំខាន់ពីសំណាក់តំណាងមន្ទីរព័ត៌មានរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធសម្រាប់យកទៅរៀបចំបន្តនៅតាមបណ្តាសាលារៀននានានៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយនៅកម្ពុជា ជាពិសេសចំពោះសិស្សានុសិស្សនៅកម្រិត មធ្យមសិក្សាដែលងាយក្លាយជាជនរងគ្រោះនៃព័ត៌មានក្លែងក្លាយ៕ ដោយ សំរិត










