សត្វប្រើសញី១ក្បាលមានផ្ទៃពោះវង្វេងចូលភូមិត្រូវក្រុមបុគ្គលអគតិវាយនិងត្រូវឆ្កែដេញ…ងាប់ទាំងមេទាំងកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្អាតប្រើសញី១ក្បាល ត្រូវក្រុមជនអគតិក្រុមស្រែកបង្អៅឆ្កែឲ្យដេញខាំរហូតសត្វប្រើសនោះរត់បុករបងលួសបន្លាបណ្ដាលឲ្យងាប់។ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​បុគ្គល​ដែល​ព្រួត​គ្នា​ធ្វើបាប​សត្វ​ប្រើស​ញី មាន​ផ្ទៃពោះ​រហូត​ដល់​ងាប់។

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ​ថា រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ពោធិ៍សាត់ មាន​ក្តី​រំជួលចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ស្តី​ពី​ករណី​សត្វ​ប្រើស​ញី​មាន​ផ្ទៃពោះ ១​ក្បាល ទម្ងន់​១១០​គីឡូក្រាម បាន​វង្វេង​ចូល​មក​ក្នុង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ប៊ុ​ន​រ៉ា​នី​សែន​ជ័យ​ដំណាក់​ទ្រយឹង ហើយ​ត្រូវ​បាន​បុគ្គល​អគតិ​មួយ​ចំនួន​ព្រួត​ដៃ​គ្នា​វាយ និង​បង្អៅ​ឆ្កែ​ដេញ បណ្តាល​ឱ្យ​សត្វព្រៃ​ផ្អើល​រត់​បុក​របង​លួស​មុត​សាច់ និង​ត្រូវ​បាន​ឆ្កែ​ខាំ​រហូតដល់ងាប់​ក្នុង​ចម្ការ​ដំឡូង​មី ។

សកម្មភាព​អមនុស្សធម៌​នេះ មិន​ត្រឹមតែ​ជា​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធនធានធម្មជាតិ និង​សត្វព្រៃ សត្វ​ប្រើស ស្ថិត​ប្រភេទ​ងាយ​រង​គ្រោះ​ក្នុង​បញ្ជី IUCN Red List ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​អំពើ​ខុសច្បាប់​ក្នុង​ក្រម​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ សហការជាមួយអាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ និង​ស្នើ​សុំ​គោលការណ៍​ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ឱ្យ​និមន្ត​ព្រះសង្ឃ ដើម្បី​ធ្វើ​កិច្ច​បង្សុកូល ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​សត្វ​ប្រើស​ញី និង​កូន​ក្នុង​ផ្ទៃ​ដ៏​កម្សត់​នោះ ស្ថិត​នៅ​វត្ត​ប៊ុ​ន​រ៉ា​នី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឱ្យ​បាន​សមរម្យ​ផង​ដែរ ។

មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​របស់​ក្រុម​បុគ្គល​អគតិ​ខាងលើ​! បច្ចុប្បន្ន អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។

អាជ្ញាធរនិងមន្ទីរជំនាញ សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ករណី​ប្រទះ​ឃើញ​មាន​សត្វព្រៃ​វង្វេង​ចូល​ក្នុង​ភូមិឋាន សូម​មេត្តា​ចូលរួម​ការពារថែរក្សានិង​រាយការណ៍​ជា​បន្ទាន់​មក​មន្ត្រី​បរិស្ថាន ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​សង្គ្រោះ​ពួក​វា​ឱ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ការ​បង្ក​របួស​ស្នាម ឬ​សម្លាប់​សត្វព្រៃ​ដោយ​អ​ចេតនា និង​ចេតនា​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print