ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ចេញវិញ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា ៖ ខ្ញុំមិនដឹងថាលោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថាលោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង។
លោកថា ៖ ខ្ញុំសង្ឃឹមថាលោកនឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន៕
ដោយ ៖ សិលា
...










