ភ្នំពេញ៖ .. រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យពលរដ្ឋការចូលរួម ធ្វើអនាម័យវេចខ្ចប់សំរាមដាក់ក្នុងធុងសំរាម និងដាំដើមឈើសំដៅលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ដើម្បីចូលរួមបរិស្ថានពិភពលោក ក្រោមប្រធានបទ សំណល់សូន្យ (Zero Waste)” ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
អនុលោមតាមអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់យក ថ្ងៃទី៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធ ប្រឆាំងនឹងការប្រែ ប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកកម្ពស់ការ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវដោយធ្វើការវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាច ប្រើប្រាស់ឡើងវិញ ឬកែច្នៃបានដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូមចូលរួមអនុវត្តដូចខាងក្រោម៖ ១. សូមធ្វើការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់ សំណល់រឹង សំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឱ្យបានត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់ សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន ។ ២.សូមចូល រួមធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួត ផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត។ល។ និងចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួនដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើតការប្រើប្រាស់ ឡើងវិញ និងការកែច្នៃ) សំដៅធានាបានសង្គមបៃតង និងបរិស្ថានចីរភាព ។ ៣. សូមយកយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង សំរាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួម ធ្វើអនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវៈចម្រុះនិងធនធានធម្មជាតិតាមរមណីយដ្ឋានមជ្ឈមណ្ឌល កម្សាន្តភោជនីយដ្ឋាន និងអាហារដ្ឋាន ៕ ដោយ សំរិត










