សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានប្រសាសន៍​សំខាន់​ៗ​ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្ដាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹក​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្ដាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងមានការអញ្ជើញចូលរួម​យ៉ាង​​ច្រើន​កុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន​រូប​ទៀត។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-​ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយករដ្ឋានពន្ធដារ ដែលបានខិតខំ និងកំពុងខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្មនៅក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅដែលដាក់ចេញដោយរាជរដ្ឋាភិបាលរហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា «ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច»។

– សម្ដេចធិបតី ថ្លែង​រម្លឹកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានដាក់ចេញពាក្យស្លោកថា « កែទម្រង់រស់មិនកែទម្រង់គឺស្លាប់» ដោយសម្ដេចធិបតី ចាត់ទុកពាក្យស្លោករបស់សម្ដេចតេជោនេះ គឺមានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ ខណៈគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជន គឺត្រូវធ្វើការកំណែទម្រង់។

– សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពវិធានគន្លឹះមួយសំខាន់ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយការធ្វើវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។

– សម្ដេចធិបតី​ ថ្លែង​ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។

– សម្ដេចធិបតី​ ថ្លែងថា​ មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល, ក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយការពិនិត្យចំនួន១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

-​ សម្ដេចធិបតី ថ្លែងថា​ ពាក្យស្លោករបស់សម្ដេចតេជោថា «កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ សម្ដេចធិបតី ថ្លែងថា​ ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច។

– សម្ដេចធិបតី​ ថ្លែងថា​ វិធានការកំណែទម្រង់នេះទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុកគឺមិនបានទេ។ ដូច្នេះអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នលើកឡើងថា បង្កើតកន្លែងនេះ ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ។

– សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តជំរុញដល់គ្រប់ក្រសួងស្ថាប័នឱ្យធ្វើការកែទម្រួល កំណែទម្រង់ ក្នុងនោះមានក្រសួងខ្លះនៅរក្សាដដែលហើយក្រសួងខ្លះមានការកាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបម្រួមចូលគ្នាតែម្ដង។

– សម្ដេចធិបតី ថ្លែងថា​ ការកែទម្រង់នេះ រាជរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់ ហើយមិនយកមនុស្សជាគោលទេ «យើងមិនកាត់ជើងតម្រូវស្បែកជើង គឺយើងកាត់ស្បែកជើង តម្រូវជើង» ដើម្បីឱ្យយើងពាក់ទៅស្រួល ដើរទៅលឿន កុំឱ្យឈឺជង្គង់។

– សម្ដេចធិបតី ថ្លែងថា​ ការកែសម្រួលរចនាសម្ព័ន្ធ ស្ថាប័ន និងតួនាទីភារកិច្ចរបស់អង្គភាពចំណុះ គឺផ្អែកទៅលើលទ្ធផលជាគោល ថាតើយើងចង់បានអី? ឧទាហរណ៍អគ្គនាយកដ្ឋានពន្ធដារ ចង់កែសម្រួលមិនមែនចង់តាមការនឹកឃើញនោះទេ ប៉ុន្ដែកែសម្រួលធ្វើម៉េចសេវាផ្ដល់ទៅឱ្យអតិថិជន កាន់តែសុក្រឹត កាន់តែលឿន និងកាន់តែបង្កភាពសប្បាយមានន័យថា កុំឱ្យនីតិវិធីស្មុគស្មាញ។

នាឱកាស​នោះ​ដែរ​ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០០៨ “នាយកដ្ឋានពន្ធដារ” ត្រូវបានដំឡើងជា “អគ្គនាយកដ្ឋានពន្ធដារ” គួបផ្សំនឹងការសាងសង់រួចនៃអគារទីស្នាក់ការចាស់នៃអគ្គនាយកដ្ឋានពន្ធដារនោះតែម្តង។ បច្ចុប្បន្នទីតាំងអគារទីស្នាក់ការចាស់នៃអគ្គនាយកដ្ឋានពន្ធដារកំពុងត្រូវបានប្រើប្រាស់ជាទីចាត់ការពន្ធដាររាជធានីភ្នំពេញ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងឯកសារពាក់ព័ន្ធនឹងពន្ធដារមួយចំនួនហើយជាន់ខ្លះទៀតក៏អាចត្រូវបានប្រើប្រាស់សម្រាប់សាលាជាតិពន្ធដារផងដែរ។

លោក គង់ វិបុល បានឱ្យដឹងថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបានយ៉ាងជោគជ័យនូវ ការប្រែក្លាយខ្លួនពីរដ្ឋបាលសារពើពន្ធដែលប្រើប្រាស់ក្រដាសស្នាមទាំងស្រុង, មិនមានភាពប្រទាក់ក្រឡា និងសង្គតិភាពក្នុងការអនុវត្តការងារ, ព្រមទាំងមានភាពយឺតយ៉ាវ មកជារដ្ឋបាលសារពើពន្ធទំនើប មានប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលបានបង្កលក្ខណៈកាន់តែងាយស្រួល និងល្អប្រសើរសម្រាប់អ្នកជាប់ពន្ធក្នុងការទទួលសេវានិងបំពេញកាតព្វកិច្ចសារពើពន្ធដូចបច្ចុប្បន្ន។

លោក គង់ វិបុល បន្ត​ថា ស្របគ្នាជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗចំនួនពីរ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ។ ក្នុងនោះការកែទម្រង់រដ្ឋបាលសារពើពន្ធក្នុងគោលដៅពង្រឹងគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាជូនអ្នកបង់ពន្ធឱ្យកាន់តែងាយស្រួល និងប្រសើរឡើង តាមរយៈការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធកម្ពុជា ជាពិសេសការធ្វើបរិវត្តកម្ម និងទំនើបកម្មផ្នែកបច្ចេកវិទ្យាព័ត៌មានឌីជីថល ដែលបានប្រែក្លាយពីការបំពេញភារកិច្ចការងារដោយដៃ (Manual) ទាំងស្រុងមកធ្វើតាមប្រព័ន្ធឌីជីថលស្ទើរតែទាំងស្រុងវិញ។

ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអគ្គនាយកដ្ឋានពន្ធដារថ្មីនេះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា ការសាងសង់អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មីនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃទំហំការងារ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាពក៏ដូចជាការ គិតគូរដល់ការបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធសម្រាប់ពេលអនាគត។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មីនេះ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការ ទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋបាលសារពើពន្ធ បានក្លាយជា “ស្ថាប័នស្នូល” មួយក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជំរុញ អនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចនានារបស់រាជ-រដ្ឋាភិបាលជាបន្តបន្ទាប់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រោមដំបូល នៃសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាបានសម្រេចនូវការអភិវឌ្ឍ និងបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសាធារណៈ។ កត្តាទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់លទ្ធភាពឱ្យមានការរីកចម្រើននៃវិស័យពន្ធដារ និងភាពជោគជ័យនៃការប្រមូលចំណូលបើទោះបីជាការប្រមូល គឺក្នុងក្របខណ្ឌ “មិនបង្កើតប្រភេទពន្ធថ្មី និងមិនដំឡើងអត្រាពន្ធ និងអាករ” ក៏ដោយ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ជាក់ស្ដែងចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើររាជរដ្ឋាភិបាលមានលទ្ធភាពសន្សំនូវថវិកាដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print