លោកត្រំាថា អ៉ីរ៉ង់ថាកំពុងពិនិត្យមើលសំណើថ្មីបង្អស់របស់ទីក្រុងវ៉ាស៉ីនតោន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ អ៉ីរ៉ង់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលសំណើថ្មីចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៉ីនតោន ស្តីពីការបិទបញ្ចប់សង្រ្គាម ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា រូបលោកអាចរង់ចាំប៉ុន្មានថ្ងៃទៀត ដើម្បីទទួលបានចម្លើយត្រឹមត្រូវពីទីក្រុងតេហេរ៉ង់ ប៉ុន្តែទន្ទឹមគ្នាលោកបានព្រមានពីការវាយប្រហារជាថ្មី ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Nour News យ៉ាងដូច្នេះថា «យើងទទួលបានសំណើថ្មីចុងក្រោយស្តីពីជំហររបស់អាមេរិក ហើយកំពុងតែពិនិត្យមើល»។ តាមអ្នកនាំពាក្យ ប៉ាគីស្ថានដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពកាលពីខែមេសា និងដើរតួនាទីជាអ្នកពាំនាំសាររវាងភាគីទាំងពីរ នៅតែកំពុងបន្តសម្រុះសម្រួលរវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ហើយការទាក់ទងគ្នាត្រូវបានធ្វើឡើងជាបន្តបន្ទាប់។
រយៈពេលប្រមាណជា៦សប្តាហ៍មកហើយ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយ បានចូលជាធរមាន កិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាមរវាងអាមេរិកនិងអ៉ីរ៉ង់ បានបង្ហាញភាពរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយដូច្នេះថា «ជឿខ្ញុំចុះ ប្រសិនបើយើងមិនទទួលបានចម្លើយត្រឹមត្រូវទេ អ្វីៗនឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។ យើងត្រៀមលក្ខណៈរួចជាស្រេច»។ នៅពេលត្រូវបានសួរថា តើលោកនឹងអាចរង់ចាំយូរប៉ុនណា លោកប្រធានាធិបតីបានឆ្លើយថា «អាចប៉ុន្មានថ្ងៃ»។ កាលពីថ្ងៃពុធ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានព្រមានថា បើប្រទេសអ៉ីរ៉ង់ទទួលរងការវាយប្រហារជាថ្មី នោះការប្រយុទ្ធគ្នាលើកនេះ នឹងរាលដាលហួសឆ្ងាយពីតំបន់មជ្ឈិមបូព៌ាជាក់ជាពុំខានឡើយ៕

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print