ស្ថានភាពសុខភាពបុត្រីស្តេចថៃ ដែលសន្លប់លែងដឹងខ្លួននៅមន្ទីរពេទ្យជាង ៣ឆ្នាំមកហើយ កាន់តែបន្តដុនដាបដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ

ចែករំលែក៖

ទីក្រុងបាងកក៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយថា​ ព្រះបរមរាជវាំងនៃប្រទេសថៃ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦​ បានចេញសេចក្តីថ្លែងការណ៍ថ្មីចុងក្រោយ ស្តីពីស្ថានភាពសុខភាពរបស់ព្រះនាងម្ចាស់ Bajrakitiyabha ដែលបានបន្តស្ថិតនៅមន្ទីរពេទ្យ​ អស់រយៈពេលជាង៣ឆ្នាំ​មកហើយ។

ព្រះរាជវាំងថៃ​ បានឱ្យដឹងថា ស្ថានភាពសុខភាពរបស់ព្រះនាង Bajrakitiyabha ដែលត្រូវជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Vajiralongkorn និងមានព្រះជន្ម ៤៧ព្រះវស្សា គឺកាន់តែបន្តដុនដាបទៅៗ។ ព្រះនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយដួលបាត់បង់ស្មារតីដោយសារជំងឺបេះដូង និងបញ្ហាមួយចំនួនផ្សេងទៀត ហើយព្រះនាងសន្លប់លែងដឹងខ្លួនចាប់តាំង​ពីពេលនោះ។

ព្រះរាជវាំងថៃ បាននិយាយថា ក្រោយការខិតខំសង្រ្គោះព្យាបាលជាច្រើនឆ្នាំមកនេះ ក្រុមគ្រូពេទ្យទើបតែបានរកឃើញ មានការឆ្លងមេរោគថ្មីថែមទៀត នៅក្នុងក្រពះ ដែលនាំឱ្យមានការរលាកពោះវៀន​របស់ព្រះនាងកាលពីខែមេសា ជាហេតុនាំឱ្យសម្ពាធឈាមធ្លាក់ចុះ ហើយចង្វាក់បេះដូងដើរខុសប្រក្រតី ដែលមកទល់ពេលនេះ មិនទាន់អាចគ្រប់គ្រងបានទៅវិញ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ព្រះនាង Bajrakitiyabha ត្រូវបានផ្តល់ឱសថព្យាបាលជាប់ ហើយឧបករណ៍វេជ្ជសាស្រ្ត ត្រូវបានប្រើប្រាស់ដើម្បី​ទ្រទ្រង់សួត និងក្រលៀនរបស់ព្រះនាង ប៉ុន្តែព្រះរាជសុខភាពរបស់ព្រះនាង នៅតែបន្តចុះទន់ខ្សោយ។ 

ទោះជាយ៉ាងនេះក៏ដោយ ព្រះរាជវាំងថៃ បានបន្ថែមថា ក្រុមវេជ្ជបណ្ឌិតនឹងបន្តតាមដានស្ថានភាពព្រះនាងយ៉ាងដិតដល់ ហើយ​ផ្តល់ការព្យាបាលបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ព្រះមហាក្សត្រីថៃ Sirikit ដែលជាមាតារបស់ព្រះបាទ Vajiralongkorn បានយាងសោយទិវង្គត ក្នុងព្រះជន្ម៩៣ព្រះវស្សា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print