ម៉ារុក ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារុក។
ថ្លែងនៅក្នុងសន្និសីទនេះ លោក ស៊ុន សុវណ្ណា បានរំលឹកថា ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ក្នុងសង្រ្គាមពីអតីតកាល កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព។ លោកបានដកស្រង់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការចូលរួមក្នុងការថែរក្សាសន្តិភាព គឺជាគោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់កម្ពុជាជាយូរមកហើយ។ ក្នុងស្មារតីនេះ ពាក្យស្លោក «យើងស្រឡាញ់សន្តិភាព» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការប្រែក្លាយរបស់កម្ពុជា ពីប្រទេសធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ទៅជាប្រទេសដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកងកម្លាំងមួកខៀវរបស់ខ្លួន ក្រោមទង់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលកំពុងមានជម្លោះ។ ឯកឧត្តមក៏បានប្រកាសផងដែរថា រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២0 នៅខែវិច្ឆិកា ខាងមុខនេះ ដែលនឹងផ្តល់ឱកាសដ៏សំខាន់មួយដើម្បីលើកកម្ពស់តម្លៃរួមនៃសន្តិភាព ការសន្ទនា និងសាមគ្គីគ្នា។ ក្នុងន័យនេះ លោក ស៊ុន សុវណ្ណា បានសង្កត់ធ្ងន់ថា ហ្រ្វង់កូហ្វូនី គឺជាវេទិកាសំខាន់មួយសម្រាប់សាមគ្គីភាព ការសន្ទនា និងការផ្លាស់ប្តូរបទពិសោធន៍។ ក្រៅពីចំណងភាសា វេទិកាហ្រ្វង់កូហ្វូនីបានជំរុញការសហការគ្នាកាន់តែរឹងមាំ និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍ក្នុងតំបន់ ដែលនេះបានរួមចំណែកដោយផ្ទាល់ដល់ភាពជោគជ័យរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
នៅចុងបញ្ចប់ លោក ស៊ុន សុវណ្ណា ក៏បានចូលរួមរំលែកទុក្ខចំពោះកងកម្លាំងមួកខៀវ ដែលបានលះបង់យ៉ាងធំធេងក្នុងបុព្វហេតុបម្រើសន្តិភាពក្រោមទង់អង្គការសហប្រជាជាតិ។ លោកក៏បានពាំនាំការគោរព និងរំលែកទុក្ខរបស់កម្ពុជាចំពោះអ្នកដែលបាត់បង់ជីវិតក្នុងពេលបំពេញភារៈកិច្ច ដោយគូសបញ្ជាក់ថា ភាពក្លាហាន ការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមនុស្សជាតិនៅតែដក់ជាប់ក្នុងចំណោមសហគមន៍អន្តរជាតិ៕
ដោយ ៖ សិលា










