ភ្នំពេញ៖ លោកឧបកនាយរដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតជូន លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈទៅវិញទៅក្នុងវិស័យរដ្ឋបាលសាធារណៈ ពិសេសលើការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋនៅកម្ពុជា។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរផងដែរ ព្រមទាំងបានបង្ហាញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា–កាណាដា ក្នុងពេលបច្ចុប្បន្ន និងបន្តរីកចម្រើនឈានទៅកាន់កម្រិតថ្មីបន្ថែមទៀតនាពេលអនាគត៕ដោយ៖តារា










