ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតរងរបួសស្រាលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពេលពួកគេជិះប៉ះដៃចង្កូតគ្នាហេីយជនរងគ្រោះដួលបោកក្បាលនៅនឹងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2HJ-2790ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាក MSLAZ ពាក់ផ្លាកលេខ ពោធិសាត់ 1 L-0940 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលជិះទៅដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតគ្នាធ្វើឲ្យដួលទាំងសងខាងបោកក្បាលបុរសរងគ្រោះនៅនឹងផ្លូវស្លាប់ភ្លាមៗចំណែកឯភាគីម៉ូតូមួយគ្រឿងទៀតរងរបួសស្រាលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំងសួរនាំបន្ត។
ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










