ខេត្តត្បូងឃ្មុំ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែជួយសម្រួលដល់ការដឹកជញ្ជូនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃដើម្បីផ្ទេរទំនិញទៀតឡើយ, ខណៈពេលនេះការដឹកជញ្ជូនធំៗពីសាកលលោកមក ចូលមកផែរបស់កម្ពុជា បានត្រឹម ១៥% ទៅ ១៦% នោះទេ ហើយយើងត្រូវចតកប៉ាល់នៅប្រទេសផ្សេងៗដើម្បីផ្ទេរ។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វេីឡេីងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាឱកាសដែលសម្តេចនិងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា៖ «ផលិតផលរបស់យើងសមត្ថភាពរបស់យើង ឥលូវលែងពឹងការដឹកជញ្ជូនតាមប្រទេសផ្សេងហើយ ឥលូវនេះការដឹកជញ្ជូនធំៗ ពីសាកលលោកមកចូលមកផែយើងបានត្រឹម ១៥% ទៅ ១៦% នោះទេ ត្រូវចតកប៉ាល់នៅប្រទេសផ្សេងៗដើម្បីផ្ទេរ, ឥលូវតិចទៀតយើងអាចមានសមត្ថភាពរុញតាមការអភិវឌ្ឍន៍កំពុងផែខេត្តព្រះសីហនុ និងរុញត្រង់នៅទូទាំងពិភពលោកតែម្តង, មួយរយៈចុងក្រោយនេះយើងអាចដឹកកសិផលផ្ទាល់ទៅចិនតែម្តង ដែលកាលមុនត្រូវពឹងប្រទេសផ្សេង ផ្ទេរចុះផ្ទេរឡើងអស់ថ្លៃ មានបញ្ហា ឥលូវអត់ទេយើងត្រង់តែម្តង ហើយបើព្រែកជីកហ្វូណនធ្វើហើយទៀត [..] នឹងចំណេញសម្រាប់សេដ្ឋកិច្ចទាំងមូល រួមទាំងលទ្ធភាពនៃការដឹកជញ្ជូនផងដែរ»។
បន្ថែមពីនេះ ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនពេលធ្វើរួចនោះសម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា អ្វីដែលចំណេញសម្រាប់សេដ្ឋកិច្ចទាំងមូលគឺច្រើនណាស់ មានទាំងលទ្ធភាពនៃការដឹកជញ្ជូន ការធានាសមត្ថភាពយើងគ្រប់ពេលវេលា នៅតាមបណ្តោយព្រែកជីកយ៉ាងហោចណាស់ ធានាប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រូវរាប់លានហិកតា នៅតាមផ្លូវនៅនឹងបង្កើតឱកាសសម្រាប់ធ្វើតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មបន្ថែម។
សម្ដេចធិបតី ថ្លែងបន្តថា គម្រោងខ្លះត្រូវតែធ្វើដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម គ្រប់វិស័យទាំងអស់ ជាពិសេសវិស័យដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែង ដែលនេះគឺផលដែលសម្តេចហ៊ានធានាថា ការសាងសង់ព្រែកជីកងហ្វូណននេះមិនខាតនោះទេ។
គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងនេះប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះក៏ជួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ក៏ដូចជាការបង្កើនប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ការជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ការជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការពង្រីកវិស័យអចលនទ្រព្យ ព្រមទាំងការវិនិយោគផ្សេងៗទៀត៕ដោយ៖តារា










