ការត្រឡប់ទៅកាន់ព្រឹត្តិការណ៍ World Cup ដែលត្រូវរង់ចាំជាយូររបស់ប្រទេស ស្កុតឡេន កំពុងត្រូវបានអបអរសាទរដោយវិធីពិសេសមួយ គឺរូបភាពគ្រាប់បាល់ដ៏អស្ចារ្យរបស់ កីឡាករScott McTominay ត្រូវបានដាក់លើក្រដាសប្រាក់ 20ផោន ជាប្រភេទលុយពិសេសមានចំនួនកំណត់។
ធនាគារជាតិរបស់ស្កុតឡេន បានបង្ហាញក្រដាសប្រាក់នេះ ដែលមានរូបភាពគ្រាប់បាល់ស៊ុតបកក្រោយដ៏អស្ចារ្យរបស់ McTominay ក្នុងជ័យជម្នះ 4-2 លើប្រទេស ដាណឺម៉ាក ដែលធានាកៅអីរបស់ស្កុតឡែនសម្រាប់ការប្រកួត World Cup ខែក្រោយ ដែលជាការបង្ហាញខ្លួនលើកដំបូងចាប់តាំងពីឆ្នាំ 1998។
ក្រដាសប្រាក់រំលឹកនេះត្រូវបានផលិតត្រឹមតែ 100 សន្លឹកប៉ុណ្ណោះ ហើយអ្នកគាំទ្រអាចឈ្នះវាតាមរយៈកម្មវិធីសប្បុរសធម៌ជាច្រើនក្នុងសប្តាហ៍ខាងមុខ។
គ្រាប់បាល់បើកឆាកដ៏អស្ចារ្យរបស់ McTominay នៅកីឡដ្ឋាន Hampden Park កាលពីខែវិច្ឆិកា បានក្លាយជាភាពល្បីល្បាញក្នុងពិភពបាល់ទាត់ស្កុតឡែនយ៉ាងឆាប់រហ័ស ក្នុងនាមជាគ្រាប់បាល់ល្អបំផុតមួយរបស់ក្រុមជម្រើសជាតិ ហើយឥឡូវនេះត្រូវបានដាក់បង្ហាញជាមួយរូបភាពស្ពាន Forth Rail Bridge នៅលើការរចនាថ្មី។
ខ្សែបម្រើរបស់ក្លឹប Napoli រូបនេះបាននិយាយថា វាជារឿងមិនគួរឲ្យជឿ។
លោកបានប្រាប់ BBC ថា៖ “រឿងបែបនេះមិនកើតឡើងញឹកញាប់ទេ ដូច្នេះការមានឱកាសយកគ្រាប់បាល់ដ៏អស្ចារ្យមួយទៅដាក់លើក្រដាសប្រាក់ គឺជារឿងដែលមិនគួរឲ្យជឿ ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់”។
លោកបានបន្ថែមថា៖ “ខ្ញុំចង់ទៅលេង World Cup ហើយបង្ហាញសមត្ថភាពល្អរបស់យើង ដើម្បីឲ្យមនុស្សគ្រប់គ្នាឃើញថា ស្កុតឡេនគឺជាក្រុមដ៏ល្អមួយ”។
ស្កុតឡេនស្ថិតក្នុងពូល C ជាមួយ ហៃទី ម៉ារ៉ុក និងប្រេស៊ីល ក្នុងព្រឹត្តិការណ៍ World Cup ដែលចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា ហើយនឹងលេងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕










