សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងការប្រែក្លាយពីប្រទេសនាំចេញវត្ថុធាតុដើម ទៅជាប្រទេសកែច្នៃកៅស៊ូសម្រេច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅចំណូលសរុបដែលកម្ពុជាទទួលបានពីការលក់ផលិតផលកៅស៊ូ មានរហូតដល់ប្រមាណ ៨៣៣ លានដុល្លារ ដែលកើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៤ ហើយអ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់នោគឺ៖ ការនាំចេញទៅក្រៅប្រទេសមានទំហំទឹកប្រាក់ប្រមាណ ៦០៤ លានដុល្លារ (ថយចុះ ១,៩%) និងការលក់ក្នុងស្រុក៖ មានទំហំទឹកប្រាក់ប្រមាណ ២២៣ លានដុល្លារ (កើនឡើងរហូតដល់ ១៣១%)។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (Kims Rubber) នៅខេត្តត្បូងឃ្មុំ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កំណើននៃការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅចម្បងនៃការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ហើយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺត្រូវដើរទៅមុខជាជំហានៗ រួមមាន៖
១. ជំហានដំបូង៖ ផលិត និងនាំចេញវត្ថុធាតុដើម។
២. ជំហានបន្ទាប់៖ ផលិត និងនាំចេញផលិតផលពាក់កណ្ដាលសម្រេច។
៣. ជំហានចុងក្រោយ៖ ផលិត និងនាំចេញផលិតផលសម្រេច (ដើម្បីរក្សាតម្លៃសរុប និងបង្កើតតម្លៃបន្ថែមខ្ពស់នៅក្នុងប្រទេស)។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការជំរុញឱ្យមានការកែច្នៃកៅស៊ូនៅនឹងកន្លែង មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់កសិករ ឬម្ចាស់ចម្ការកៅស៊ូប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតជាខ្សែច្រវាក់ផលិតកម្មដ៏រឹងមាំមួយ ដែលផ្តល់ផលចំណេញដល់កម្មករ-បុគ្គលិក ដែលបម្រើការងារនៅក្នុងរោងចក្រកែច្នៃផ្ទាល់ និងវិស័យដឹកជញ្ជូន និងសេវាកម្មគាំទ្រផ្សេងៗ ព្រមទាំងការបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ នេះគឺជាសមិទ្ធផលនិងទិសដៅថ្មីនេះ គឺជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញថា កម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងការប្រែក្លាយខ្លួនពីប្រទេសនាំចេញវត្ថុធាតុដើម ទៅជាប្រទេសកែច្នៃ ដែលអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចបានអតិបរមាពីធនធានធម្មជាតិរបស់ខ្លួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print