ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ បានដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធ និង ដាក់គ្រឿងចក្រ ចុះប្រតិបត្តិការសម្អាតផ្លូវមួយខ្សែ ដែលរងការបោះចោលសំរាមពាសពេញផ្លូវ បង្កឱ្យប៉ះពាល់ដល់សោភ័ណភាព អនាម័យ និង បរិស្ថាន ស្ថិតនៅក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សកម្មភាពសម្អាតនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថាន និង លើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែមានភាពស្អាត និង របៀបរៀបរយ ខណៈកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានយកសំរាមទៅបោះចោលដោយគ្មានសណ្តាប់ធ្នាប់ បណ្តាលឱ្យសំរាមរាយប៉ាយពាសពេញតាមដងផ្លូវ។
បើតាមលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការរក្សាអនាម័យ និង បរិស្ថាន គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាការទទួលខុសត្រូវរបស់អាជ្ញាធរតែម្ខាងនោះទេ។ លោកបានអំពាវនាវ និង ស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ និង តំបន់ជុំវិញ ចូលរួមថែរក្សាបរិស្ថាន តាមរយៈការទុកដាក់ និង បោះសំរាមឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់។
អភិបាលខណ្ឌរូបនេះ បានបន្តថា ការបោះសំរាមពាសវាលពាសកាល មិនត្រឹមតែបង្កឱ្យបាត់បង់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បង្កក្លិនមិនល្អ និង អាចជាដើមហេតុ នៃការស្ទះប្រព័ន្ធលូ បណ្តាលឱ្យមានការជន់លិចក្នុងរដូវវស្សាផងដែរ។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យមូលដ្ឋានខណ្ឌឫស្សីកែវ ក្លាយជាតំបន់ស្អាត មានបរិស្ថានល្អ និង មានសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង ស្របតាមទិសដៅ នៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕ដោយ៖តារា










