សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ​ ពោលគឺដើម្បីជួយឱ្យផលិតផលក្នុងស្រុក អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ ថ្លែង​នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកពន្ធលើការនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសនោះទេ ពោលគឺដើម្បីជួយឱ្យផលិតផលក្នុងស្រុក អាចប្រកួតប្រជែងបានល្អ និងមានតម្លៃសមរម្យនៅលើទីផ្សារអន្តរជាតិ។​ នាឱកាសដែលក៏មានការចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជសក់យ៉ាងដូច្នេះថា៖ «សូម្បីតែផលិតផលសម្រេច ដូចកង់ឡាននាំទៅក្រៅដូចអត់ជាប់ពន្ធផង បានន័យថា យើងទម្លាក់ពន្ធ អត់យកពន្ធទេ ដើម្បីផលិតផលនេះប្រកួតប្រជែង ចឹងផលិតផលកង់ឡានយើង បើរដ្ឋមិនយកពន្ធអាចលក់បានចំណេញហើយតម្លៃសមរម្យប្រកួតប្រជែង ចឹងគាត់មានលទ្ធភាពមកទិញកៅស៊ូទិញអីតម្លៃខ្ពស់ ដើម្បីបូកចឹងយើងទុកជួយដល់កសិករយើងតាមហ្នឹង»។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា​ ការមិនយកពន្ធលើផលិតផលកង់ឡាននាំចេញ គឺដើម្បីជួយឲ្យរោងចក្រផលិតទទួលបានផលចំណេញ និងអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន។ ជាពិសេស រោងចក្រអាចទិញកៅស៊ូពីប្រជាកសិករក្នុងតម្លៃល្អផងដែរ ដែលជាការជួយដល់ប្រជាពលរដ្ឋ និងវិស័យកសិកម្ម។​ ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងគិតគូរផលប្រយោជន៍សេដ្ឋកិច្ចជារួម ទោះបីកន្លែងខ្លះរដ្ឋត្រូវខាតបង់ចំណូលខ្លះក៏ដោយ ប៉ុន្តែបើអាចជួយឲ្យប្រជាពលរដ្ឋមានជីវភាពល្អ និងសេដ្ឋកិច្ចដំណើរការល្អ នោះគឺជាផលចំណេញរបស់ប្រទេសជាតិទាំងមូល។

គួរជម្រាបជូនថា​ ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២៦ (មករា ដល់ មីនា) កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងតម្លៃជាង ៤៧២លានដុល្លារ កើនឡើង ៤២.៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទីផ្សារធំជាងគេដែលបានទិញសំបកកង់រថយន្តពីកម្ពុជាគឺ សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ៣៥៨លានដុល្លារ។

...

ក្នុងរយៈពេល​ពេញមួយឆ្នាំ២០២៥កន្លងទៅ​ កម្ពុជាបាននាំចេញសំបកកង់រថយន្តក្នុងទំហំទឹកប្រាក់ ១ ៣៨០លានដុល្លារ កើនឡើង ៥៧.៨៦% បើធៀបនឹងឆ្នាំ២០២៤។ ការកើនឡើងនេះគឺដោយសារតែការទាក់ទាញវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យមានរោងចក្រផលិតសំបកកង់រថយន្តមកដាក់ទុនវិនិយោគនៅក្នុងប្រទេស៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print