Update ៖ កម្លាំងនគរបាលខេត្តកំពត តាមចាប់ទណ្ឌិតម្នាក់ដែលរំលោភនារីគរថ្លង់ តាមដីបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់ព្រះរាជអាជ្ញា

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ទណ្ឌិតម្នាក់ដែលត្រូវបានតុលាការខេត្តកំពត សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពាក់ព័ន្ធនឹងករណីចាប់រំលោភនារីគរថ្លង់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត តាមចាប់ខ្លួនបានហើយ។

ការចាប់ខ្លួនទណ្ឌិតឈ្មោះ ស៊ុង ណោល អាយុ៦៥ឆ្នាំ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់លោក សំម ប្ញទ្ធីរដ្ឋា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពត បានបញ្ជាក់ថា «សូមជំរាបជូនសាធារណៈជនឲ្យបានជ្រាបថា ករណីនេះ សមត្ថកិច្ចយើងខ្ញុំឃាត់ខ្លួនជនល្មើសបានហើយ»។ 

យោងតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនរបស់តំណាងអយ្យការ បានបញ្ជាក់ថា ទណ្ឌិតឈ្មោះ ស៊ុង ណោល អាយុ៦៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» ប្រព្រឹត្តនៅភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ។ 

យោងតាមសាលក្រមសម្រេចរបស់សាលាដំបូងខេត្តកំពត ក្រៅពីការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាលើឈ្មោះ ស៊ុង ណោស រយៈពេល៤ឆ្នាំ តុលាការក៏បានបង្គាប់ឲ្យជននេះ សងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៩ ០០០.០០០ រៀលផងដែរ តែគិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ជនរងគ្រោះមិនទាន់ទទួលបានសំណងនោះទេ។

ក្រោយការចាប់ខ្លួន, កម្លាំងនគរបាល បានបញ្ជូនជននេះទៅកាន់ពន្ធនាគារ តាមដីកាសម្រេចរបស់តុលាការ។ 

ម្តាយជនរងគ្រោះ និងសាច់ញាតិបងប្អូន សូមអរគុណដល់កម្លាំងនគរបាល ដែលបានតាមចាប់ជនល្មើសយកទៅដាក់ឃុំ ដែលជាការផ្តល់យុត្តិធម៌ជូននារីរងគ្រោះជាមនុស្សគរថ្លង់ម្នាក់ ។ 

សូមបញ្ជាក់ថា ៖ លោកស្រីមេធាវី លឹម ច័ន្ទលីដា និងលោកស្រីមេធាវី សួន ចន្ថា បានជួយការពារក្តីឱ្យជនរងគ្រោះដោយមិនយកកម្រៃសេវា បន្ទាប់ពីអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ចុះផ្សាយអំពីដំណើររឿងនេះ ដោយលោកស្រីនិយាយថា ៖ អរគុណខាងអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានចុះផ្សាយគាស់កាយរឿងនេះ រហូតដល់ជនរងគ្រោះទទួលបានយុត្តិធម៌នៅថ្ងៃនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print