ត្បូងឃ្មុំ ÷ ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបនៅខេត្តត្បូងឃ្មុំ គឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិនឹងកំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
នេះគឺជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
សម្ដេចធិបតីបានបញ្ជាក់ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។
ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញការសាទរចំពោះកំណើននៃការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូរបស់កម្ពុជាទៅតាមបណ្ដារោងចក្រផលិតកង់រថយន្តនានានៅក្នុងស្រុក ជៀសជាងការនាំចេញទៅក្រៅប្រទេសដែលនាំឱ្យកម្ពុជាខាតបង់តម្លៃដើម និងតម្លៃផលិតផលសម្រេចជាច្រើន។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ចំណូលសរុបរបស់កម្ពុជា ទទួលបានពីការលក់ផលិតផលជ័រកៅស៊ូមានប្រមាណ ៨៣៣ លានដុល្លារ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៤ ខណៈតម្លៃកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើងហើយផ្ទៃដៃដាំដុះក៏កំពុងមានការកើនឡើងផងដែរ។
សម្ដេចធិបតី បានចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ខណៈការអភិវឌ្ឍវិស័យឧស្សាហកម្មនេះជំហានដំបូងកម្ពុជាផលិត និងនាំចេញវត្ថុធាតុដើម, បន្ទាប់មកការនាំចេញ និងផលិតនូវផលិតផលពាក់កណ្ដាលសម្រេច, និងចុងក្រោយ គឺការនាំចេញផលិតផលសម្រេចដែលជំរុញឱ្យកសិឧស្សាហកម្មនៅកម្ពុជា។ លទ្ធផលនេះ គឺជាគោលដៅសំខាន់នេះ ក្នុងការរក្សាបានតម្លៃសរុប និងតម្លៃបន្ថែមនៅក្នុងប្រទេស។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាបានជំរុញការកែច្នៃបាននៅនឹងកន្លែង ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះបានផ្ដល់ផលដោយផ្ទាល់ទៅដល់ កសិករ ម្ចាស់ចម្ការ ឬម្ចាស់ស្រែ ហើយបង្កើតការងារ ការដឹកជញ្ជូន និងដែលនេះជាខ្សែច្រវាក់ផលិតកម្មដែលរាជរដ្ឋាភិបាលចង់បាន៕










