ស្វីសបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងលើកទឹកចិត្តកម្ពុជាសម្រេចជោគជ័យក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams

ចែករំលែក៖

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត សហព័ន្ធស្វីសប្រចាំ កម្ពុជា បានមានប្រសាសន៍កោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងដោយឡែក ចំពោះក្រសួងមហាផ្ទៃ ដែលបានកំពុងអនុវត្តការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

ឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា។ ឯកឧត្តមទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពិតជាបានកំពុងជម្នះការលំបាក ពីព្រោះឯកឧត្តមផ្ទាល់ ក៏ពិបាកស្រមៃដែរ ថានឹងត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ថាមកដល់ពេលនេះ មានជនបរទេសប្រមាណ៣០ម៉ឺននាក់ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សមត្ថកិច្ចបានម្ចាស់ការបោសសម្អាតបទល្មើសនេះជាលក្ខណៈទ្រង់ទ្រាយធំច្រើនកន្លែងហើយ ប៉ុន្តែជនល្មើសនៅសេសសល់មួយចំនួនបានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច ដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ តាមអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់វិធានការ វះកាត់មន្ត្រីពាក់ព័ន្ធជាអាទិ៍ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែង។ 

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃនោះដែរ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា និងឯកឧត្តមឯកអគ្គរដ្ឋទូតស្វីស ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើការអនុវត្តកំណែទម្រង់ពីវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយភាគីទាំងពីរបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការមួយនេះបន្ថែមទៀត។ 

ដោយឡែក ប្រធានបទពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលឹកពីគោលជំហរកម្ពុជា ដោះស្រាយជម្លោះព្រំដែន តាមគោលការណ៍សន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀង អនុសញ្ញា និងច្បាប់អន្តរជាតិ និងកម្ពុជាគ្មានគោលនយោបាយវាទីនិយមឡើយ។ ឯកឧត្តម បានស្នើភាគីស្វីស បន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ជាពិសេសគាំទ្រយន្តការដោះស្រាយជម្លោះដោយសន្តិវិធី។ 

ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត សហព័ន្ធស្វីស បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះប្រកបដោយសន្តិវិធី និងបានបង្ហាញការសោកស្ដាយ ដែលប្រទេសទាំងពីរ កម្ពុជា-ថៃ មានជម្លោះព្រំដែនរហូតឈានដល់ការប្រើប្រាស់អាវុធ។ ឯកឧត្តមអះអាងថា ភាគីស្វីស និងបន្តតាមដានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ដល់ការប្រើប្រាស់យន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ 

...

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើង អំពីបទពិសោធន៍រស់នៅ និងបំពេញការងារក្នុងអាណត្តិការទូតនៅកម្ពុជា ជាពិសេសឯកឧត្តមបាននាំក្រុមគ្រួសារ ដើរលេងកម្សាន្តក្នុងប្រទេសកម្ពុជាដោយក្ដីរីករាយ រួមទាំងនៅខេត្តសៀមរាប និងមានក្ដីសង្ឃឹមថា ថ្ងៃណាមួយ ឯកឧត្តមនឹងបាននាំក្រុមគ្រួសារមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាតនេះជាថ្មីទៀត ក្រោយបញ្ចប់អាណត្តិការទូតនៅខែសីហាខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print