ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកវ៉ើនសៃបាន ឲ្យដឹងថា មានឈ្មួញពីរនាក់ឈ្មោះ ចែអុី និងស្រីល័ក្ខ នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧៨ ដោយ គ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅតាមដងផ្លូវក្នុងស្រុក លំផាត់ ស្រុកវ៉ើនសៃ និងស្រុកកូនមុំ មានសមត្ថកិច្ចបង្កើតប៉ុស្ដិ៍ត្រួតពិនិត្យជាច្រើនកន្លែង ក៏ប៉ុន្តែឈ្មួញឈ្មោះ ចែអុី និងស្រីល័ក្ខ នៅតែអាចដឹកជញ្ជូនឈើខុសច្បាប់ទៅប្រទេស វៀតណាមបានយ៉ាងរលូនដដែល ។ ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែអុី និងស្រីល័ក្ខ តែងតែប្រមូលទិញឈើនិងដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុងផ្ទុកពេញៗចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀង មួយចំនួនក្នុងស្រុកអូរយ៉ាដាវ ហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ទាល់តែសោះ។
ជនជាតិដើមភាគតិចក្នុងស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកវ៉ើនសៃ បានឲ្យដឹងថា ពួកគាត់តែងតែឃើញឈ្មួញឈ្មោះ ចែអុី និងស្រីល័ក្ខ ដើរប្រមូលទិញឈើដឹកជញ្ជូនទៅ ស្តុកទុកនៅក្នុងផ្ទះរបស់ខ្លួន ហើយនៅពេលប្រមូលបានគ្រប់ចំនួនទើបដឹកជញ្ជូនតាម រថយន្តសាំយ៉ុងជាច្រើនគ្រឿងទៅស្រុកយួន ។
ប្រភពខ្លះបានឲ្យដឹងថា ដោយសារឈ្មួញឈ្មោះ ចែអុី និងស្រីល័ក្ខ ចេះបែងចែកផល ប្រយោជន៍ដល់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទើបអាចបន្តជំនួញឈើខុសច្បាប់យ៉ាងក្រអឺតក្រទម ៕