ភ្នំពេញ៖ នៅគ.ជ.គ.ម. លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំកិច្ចប្រជុំរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា និង ទិសដៅខែមិថុនា ឆ្នាំ២០០២៦និងជំរុញបន្តអនុវត្តសកម្មភាពយ៉ាងសកម្មរបស់ថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្រនៃ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដែលរួមចំណែកដល់ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរបាយការណ៍លទ្ធផលការងាររបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ខែឧសភា និងទិសដៅសម្រាប់ អនុវត្តខែមិថុនា ឆ្នាំ២០២៦ បានអោយដឹងថា អ្វីដែលរួមចំណែកដល់វឌ្ឍនភាពនៃការ អនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដោយផ្តោតលើ ការលើកកម្ពស់ចំណេះដឹងអំពីការកាត់បន្ថយនិងការគ្រប់គ្រង ហានិភ័យគ្រោះមហន្តរាយ។
មានប្រសាសន៏ក្នុងឪកាសនោះលោកកិត្តិសង្គហបណ្ឌិត គន់ គីម បានអោយដឹងថា ការពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយសម្រាប់ភាពធន់ និងការបង្កើនការត្រៀមរៀបចំសម្រាប់ ការឆ្លើយតប និងការស្ដារឡើងវិញគ្រោះមហន្តរាយ ដែលដឹកនាំអនុវត្ត និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន នៃ គ.ជ.គ.ម. ។
លោកទេសរដ្ឋមន្ត្រីបន្តថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយ ក្រសួងស្ថាប័ន ពាក់ព័ន្ធដែលជាលេខាធិការរដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ បន្តសហការជាមួយអង្កការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលជាអ្នកគាំទ្រក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ តាមដានជាប្រចាំក្នុងផែនការឆ្លើយតបនិងមានវគ្គបណ្តុះបណ្តាលបន្ថែមទៀត រហូតដល់ថ្នាក់ក្រោមជាតិដល់សហគមន៏មូលដ្ឋាន ។គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសកម្មភាពការងារ មួយចំនួន ដើម្បីលើកកំពស់ក្នុងការត្រៀមរៀបចំ ការឆ្លើយតប និងស្ដារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធិភាព ។
បន្ទាប់មកលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានបន្តពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ ជាអនុប្រធាន និងទីប្រឹក្សានៃ គ.ជ.គ.ម សរុបចំនួន ៤រូប។ ក្នុងនោះ លោក អ៊ុំ សុខ ត្រូវបានតែងតាំង ជាអនុប្រធាន គ.ជ.គ.ម, លោក ឃុន សុខា និង លោក គឹម សុវឌ្ឍនា ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ និង លោក សូរ សុជាតិ ជាទីប្រឹក្សា គ.ជ.គ.ម។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំត្រូវពិនិត្យ និងរៀបចំចាត់តាំងប្រគល់ភារកិច្ចឲ្យបានឆាប់ ដើម្បីចូលអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។ លើសពីនេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញដល់សមាសភាពថ្នាក់ដឹកនាំដែលទើបទទួលការតែងតាំងថ្មី ត្រូវសហការយ៉ាងជិតស្និទ្ធ ហើយអនុវត្តតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យមានប្រសិទ្ធភាពផងដែរ៕ដោយ៖តារា










