អន្តរជាតិ៖ លោក Ahn Gyu-back រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីថា កូរ៉េខាងត្បូង នឹងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ និងមីស៊ីល ហើយនិងជំរុញកិច្ចសហប្រតិបត្តិការការពារ ជាមួយសហរដ្ឋអាមេរិក ។
អំឡុងសម័យប្រជុំពេញអង្គ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Gyu-back និយាយថា ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលកើនឡើងរបស់កូរ៉េខាងជើង បណ្តាលឲ្យអស្ថិរភាពផ្នែកសន្តិសុខនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
លោកថា កូរ៉េខាងត្បូងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខយុទ្ធសាស្រ្ត តាមរយៈការចូលរួមយន្តការកិច្ចសហប្រតិបត្តិការពហុភាគីជាច្រើននៅក្នុងតំបនឥណ្ឌូ-ប៉ាស៊ីហ្វិក ។
លោក Gyu-back និយាយទៀតថា ស្របពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េ មានទំនាក់ទំនង កាន់តែខ្លាំងជាមួយបរិយាកាសសន្តិសុខអន្តរជាតិធំទូលាយ ដំណើរវិវត្តន៍នៅឧបទ្វីបមួយនេះ បានក្លាយជាកត្តាដ៏សំខាន់មួយនៅក្នុងសន្តិសុខសកល ។
សូមបញ្ជាក់ថា កិច្ចប្រជុំ Shangri-La Dialogue ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០២ បានទាក់ទាញក្រុមមន្រ្តីយោធាជាន់ខ្ពស់ មន្រ្តីការទូត និងក្រុមហ៊ុនផលិតអាវុធជាច្រើន មកពីទូទាំងពិភពលោក ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ ៕ដោយ៖តារា










