ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការបោសសម្អាតបទល្មើសអនឡាញ (Scam Online) ចេញពីមូលដ្ឋានរបស់ខ្លួន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យនៅតាមទីតាំងអាគារ ,សណ្ឋាគារ ,ខុនដូ និងអាផាត ស្នាក់នៅគ្រប់គ្រង ជនបរទស និងការរស់នៅប្រមូលផ្ដុំ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណ:បញ្ជាបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បន្តចុះត្រួតពិនិត្យការគ្រប់គ្រង ការរស់នៅប្រមូលផ្ដុំ ស្របតាមអនុក្រឹត្យលេខ ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស និង ខ្នងផ្ទះនានា ពិសេស គឺ ឈានទៅបង្រ្កាបបទល្មើសឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា (Scam Online) នៅក្នុងមូលដ្ឋាន។
ក្នុងប្រតិបត្តិការនោះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានឱ្យដឹងថា កម្លាំងអាជ្ញាធរថ្នាក់មូលដ្ឋាន បន្តចុះត្រួតពិនិត្យ ជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើស ដែលអាចកើតឡើង ហើយបានបង្ការ បានទាន់ពេលវេលា។ លោកអភិបាលខណ្ឌ បានបញ្ជាក់ទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនិងការបង្ក្រាបនេះ ត្រូវប្រកាន់ភ្ជាប់ នូវ”បេះដូងក្ដៅ បាតដៃ ស”។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងថាក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកសូមណែនាំនិងព្រមានដល់មន្រ្តីក្រោមឪវាទទាំងអស់បើមានពាក់ព័ន្ធប៉ះពាល់ជាមួយបទល្មើស Online Scam ត្រូវលាងដៃ ក្នុងករណីមានការពាក់ព័ន្ធនោះ មិនមានការលើកលែងណាមួយឡើយ។
បន្ថែមពីនេះ លោកអភិបាល ក៏បានសង្កត់ធ្ងន់ថា មន្រ្តីមានសមត្ថកិច្ច ថ្នាក់ខណ្ឌ សង្កាត់ប៉ុស្តិ៍រដ្ឋបាល ភូមិ ត្រូវបន្តចុះត្រួតពិនិត្យឲ្យជាប់ជាប្រចាំក្នុងករណីសង្ស័យត្រូវចុះបង្ក្រាបឲ្យបានទាន់ពេល ហើយជាពិសេសអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ត្រូវតាមដានមើលតាមអាគារខុនដូសណ្ឋាគារផ្ទះសំណាក់ផ្ទះជួលជាដើមព្រោះក្នុងរយៈពេលកន្លងមកនេះ មានការបង្ក្រាបបទល្មើស Online Scam យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចខ្លួនចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់៕ដោយ៖តារា










