ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់ សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែល នៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែឧសភា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត ៦សែន ២ម៉ឺននាក់ ឬ ជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន២៩.៧៥៦នាក់ទៀត (ស្ត្រី ១៥.៣៨១នាក់ និងកុមារ១០.០២៤នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្ត រំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ ដោយខុសច្បាប់ ចាប់ តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស ការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅ ទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស រួបរួមស្មារតី សាមគ្គីគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំពុងដឹកនាំបេសកកម្មដោះស្រាយ បញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ សំដៅនាំមកវិញនូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសជីវភាពជាប្រក្រតីនៃប្រជាជនទាំងសងខាង៕ដោយ៖តារា










