ភ្នំពេញ៖ សំណុំរឿងលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និង បច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បើកសវនាការកាត់ទោស ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ធ្លាប់បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ឃី ឆៃ ជាចៅក្រមជំនុំ ជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ ។
បច្ចុប្បន្នលោកនី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ ផងដែរ ។
លោក នី ចរិយា ជាប់ចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហាបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនិង អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ ។ ការចោទប្រកាន់នេះបានធ្វើឡើងក្រោយពេលដែលលោក នី ចរិយា បានចូលបំភ្លឺលើពាក្យបណ្តឹងរបស់មេធាវីតំណាងចៅក្រមម្នាក់ និងព្រះរាជអាជ្ញារងម្នាក់ នៅសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ៕
ដោយ៖ ចេស្តា