ខេត្តសៀមរាប៖ នគរបាលខេត្តសៀមរាប ឲ្យដឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿង ញៀន ប៉ុន្តែ មិនរាងចាល បានចេញមកធ្វើសកម្មភាពលួចម៉ូតូ ចំនួន០១ គ្រឿង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជាថ្មីម្តងទៀត។
ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប បានចុះ ទៅដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់ រហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១ នាក់ឈ្មោះ មួន គីមហ៊ាង ហៅ វីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យរូបនេះ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប១លើក រយៈពេល ០១ឆ្នាំ០៦ខែ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជាមួយគ្នានេះ សមត្ថកិច្ចបានដក ហូតម៉ូតូម៉ាក KAMAX Cub Pro ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AU-1489 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះមកវិញ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមានបំណងយកទៅលក់ ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនតាមទឹកនោមលើជនសង្ស័យផងដែរ ដោយទទួលបានលទ្ធផល អវិជ្ជមាន។
វត្ថុតាងដកហូតម៉ូតូចំនួន ០១គ្រឿងហើយបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










