Uber ប្តេជ្ញាវិនិយោគជិត 500 លានដុល្លារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ខណៈការប្រកួតប្រជែងក្នុងវិស័យនេះកាន់តែក្តៅគគុក

ចែករំលែក៖

ក្រុមហ៊ុនដឹកជញ្ជូនតាមកម្មវិធី Uber បានប្តេជ្ញាផ្តល់ថវិកាវិនិយោគសរុបជិត 500 លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Nuro ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម (Startup) នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពីរដែលមានព័ត៌មានផ្ទាល់លើកិច្ចព្រមព្រៀង និងបានប្រាប់សារព័ត៌មាន Reuters។

ព័ត៌មាននេះបានបង្ហាញពីទំហំវិនិយោគដ៏ធំរបស់ Uber ក្នុងការអភិវឌ្ឍសេវាកម្ម Robotaxi ឬរថយន្តដឹកអ្នកដំណើរបើកបរស្វ័យប្រវត្តិ ដែលកំពុងក្លាយជាវិស័យប្រកួតប្រជែងថ្មីនៅក្នុងឧស្សាហកម្មដឹកជញ្ជូន។

បន្ទាប់ពីជួបការលំបាក និងការពន្យារពេលអស់ជាច្រើនឆ្នាំ វិស័យ Robotaxi កំពុងមានសន្ទុះកើនឡើងជាថ្មី ដោយមានក្រុមហ៊ុនធំៗដូចជា Tesla, Waymo របស់ Alphabet និង Zoox របស់ Amazon កំពុងពន្លឿនការអភិវឌ្ឍ ការធ្វើតេស្ត និងការដាក់ឱ្យប្រើប្រាស់ពាណិជ្ជកម្ម។

ក្នុងពេលជាមួយគ្នានេះ Uber កំពុងដាក់ខ្លួនជាវេទិកាកណ្តាលសម្រាប់ឧស្សាហកម្មថ្មីនេះ ដោយបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនរថយន្តស្វ័យប្រវត្តិជាច្រើន រួមមានក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu, ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Rivian, ក្រុមហ៊ុនអង់គ្លេស Wayve និងកំពុងសហការជាមួយ Waymo នៅទីក្រុងមួយចំនួនក្នុងសហរដ្ឋអាមេរិកផងដែរ។

ក្នុងចំណោមគម្រោងសំខាន់ៗ Uber បានបង្កើតភាពជាដៃគូត្រីភាគីជាមួយ Nuro និងក្រុមហ៊ុនរថយន្តអគ្គិសនី Lucid Motors ដើម្បីដាក់ឱ្យដំណើរការ Robotaxi ចំនួន 35,000 គ្រឿង ដោយប្រើរថយន្ត SUV ម៉ូដែល Gravity និងរថយន្តជំនាន់ថ្មីរបស់ Lucid បំពាក់ដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ Nuro និងដំណើរការលើវេទិកា Uber។

ប្រភពបានឱ្យដឹងថា Uber ធ្លាប់ប្រកាសវិនិយោគ 500 លានដុល្លារ ក្នុង Lucid និងគ្រោងវិនិយោគរាប់រយលានដុល្លារបន្ថែមទៀតក្នុង Nuro រួមទាំងការចូលរួមក្នុងជុំប្រមូលទុនចំនួន 203 លានដុល្លារ ដែលបានវាយតម្លៃ Nuro ក្នុងតម្លៃប្រមាណ 6 ពាន់លានដុល្លារ។

ទោះជាយ៉ាងណា ប្រភពទាំងពីរបានបញ្ជាក់ថា Uber បានបន្តវិនិយោគបន្ថែមទៅក្នុង Nuro ក្នុងទំហំធំជាងការវិនិយោគលើកដំបូង ហើយក៏បានយល់ព្រមផ្តល់ថវិកាបន្ថែមនៅពេលដែល Nuro សម្រេចបានគោលដៅបច្ចេកទេស និងពាណិជ្ជកម្មជាក់លាក់មួយចំនួន។ សរុបការប្តេជ្ញាផ្តល់ថវិកាទាំងអស់មានតម្លៃជិត 500 លានដុល្លារ។

ប្រភពមួយបានឱ្យដឹងថា គោលដៅដំបូងមួយចំនួនត្រូវបានសម្រេចទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យ Uber បានបញ្ចេញថវិកាផ្នែកមួយរួចហើយ។

ថវិកាដែលនៅសល់នឹងត្រូវបញ្ចេញនៅពេល Nuro សម្រេចបានគោលដៅបន្ថែម រួមមានការធ្វើតេស្តរថយន្តដោយគ្មានអ្នកបើកបរនៅចុងឆ្នាំនេះ ការចាប់ផ្តើមដឹកអ្នកដំណើរជាមួយរថយន្តស្វ័យប្រវត្តិពេញលេញនៅចុងឆ្នាំ និងការពង្រីកសេវាកម្មនៅឆ្នាំក្រោយ។

ទាំង Uber និង Nuro បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះ។

សម្រាប់ Nuro ថវិកាថ្មីនេះមានសារៈសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនឱ្យឈានដល់កម្រិតពាណិជ្ជកម្ម។ ក្រុមហ៊ុននេះធ្លាប់ផ្តោតលើការផលិតមនុស្សយន្តដឹកជញ្ជូនទំនិញខ្នាតតូច មុននឹងប្តូរទិសដៅនៅឆ្នាំ 2024 មកផ្តល់អាជ្ញាបណ្ណកម្មវិធីបើកបរស្វ័យប្រវត្តិដល់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

បច្ចុប្បន្ន Nuro កំពុងធ្វើតេស្តជាមួយអ្នកបើកបរសុវត្ថិភាព ហើយគ្រោងដាក់ឱ្យដំណើរការសេវាកម្មរបស់ខ្លួននៅតំបន់ San Francisco Bay Area ក្នុងឆ្នាំនេះ។

កាលពីខែមេសា ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឱ្យធ្វើតេស្តរថយន្តស្វ័យប្រវត្តិ Gravity ដោយគ្មានអ្នកបើកបរសុវត្ថិភាពនៅតំបន់មួយចំនួន ខណៈនៅខែឧសភា ក្រុមហ៊ុនក៏ទទួលបានការអនុញ្ញាតឱ្យដឹកអ្នកដំណើរក្នុងដំណាក់កាលធ្វើតេស្តផងដែរ។

...

ក្រៅពី Uber ក្រុមហ៊ុន Nuro ក៏ទទួលបានការគាំទ្រពីវិនិយោគិនធំៗជាច្រើន រួមមានក្រុមហ៊ុនផលិតបន្ទះឈីប AI Nvidia និងក្រុមហ៊ុនវិនិយោគជប៉ុន SoftBank ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print