បុរសម្នាក់ជិះម៉ូតូលឿនពេកទៅបុកពីក្រោយរុឺម៉កដឹកទឹកកកកំពុងឈប់ដាក់ឲ្យម៉ូយបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកកកំពុងតែឈប់ដាក់ឲ្យម៉ូយយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង៧​ និង៣០នាទីយប់ថ្ងៃទី៤​ ខែមិថុនា​ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកកមួយគ្រឿងកំពុងតែឈប់ដាក់ទឹកកក ឲ្យម៉ូយនៅលើដងផ្លូវថៃហ្គ័រ ភ្លាមនោះដែរស្រាប់តែគេឃើញមានបុរសរងគ្រោះជិះម៉ូតូម៉ាក HONG DA PCX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1W-2158 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅបុកពីក្រោយរម៉កចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗចំណែកឯម្ចាស់ម៉ូតូសណ្តោងរុឺម៉កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយកម៉ូតូនិងម៉ូតូសណ្ដោងរម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្នរង់ចាំភាគីសងខាងមកស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print