ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតដែលអ្នករួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនវ៉ាជែងទៅបុករថយន្តនិងឡំប្រឺតា កាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បេីតាមប្រភព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខស្វាយរៀង 1E-1425ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានឡើងវ៉ាជែងឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តម៉ាកLexus RX300ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2D-3508 ចំពីមុខពេញទំហឹងធ្វើអោយម៉ូតូជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងទៀតដែលធ្វើដំណើរនៅពីមុខ រងការខូចខាតយ៉ាងដំណំចំណែកភាគីខាងម៉ូតូដួលអូសទៅមុខជាច្រើនម៉ែត្រនិងធ្វើឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចុះមកធ្វេីការវាស់វែងយកសម្ភារៈ នៃវត្ថុតាង ដូចជា ម៉ូតូ ឡំប្រឺតា និងរថយន្ត ទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










