Update៖ កម្លាំងនគរបាលតាមចាប់ឃាត់ខ្លួនជនល្មើសបាន ៤នាក់ហើយ! ក្នុងករណី​ឃាតកម្ម ជនជាតិចិនចាក់សម្លាប់ចិនដូចគ្នា រួចដាក់ក្នុងរថយន្តយកទៅផ្លុងចោលនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ​ ករណី​ឃាតកម្ម ជនជាតិចិនចាក់សម្លាប់ចិនដូចគ្នា រួចដាក់ក្នុងរថយន្តយកទៅផ្លុងចោលនៅខណ្ឌដង្កោ​ ពេលនេះកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបើកការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសបាន៤នាក់ជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមជនល្មើសដែលជាជនជាតិចិនគ្នាឯងចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ និងកំពុងតាមចាប់បក្ខពួកមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ស្នងការ​ បានបញ្ជាក់បន្ថែមថា​ ករណីនេះបានកើតឡើងដោយសារជនជាតិចិន បានឈ្លោះ និងមានគំនុំជាមួយគ្នានៅស្រុកចិន ហើយពេលជនរងគ្រោះមកខ្មែរ ក៏ក្រុមជនល្មើសមកតាមសម្លាប់តែម្តង។

គួររម្លឹកដែរថា​ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ​ មានករណី​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោយពលរដ្ឋប្រទះឃើញសពជនជាតិចិនម្នាក់ ត្រូវបានគេយកទៅផ្លុងចោល ដែលព័ត៌មាននេះត្រូវបាន គេចែកចាយ ជាពិសេសជនជាតិចិនបានយកទៅបង្ហោះយ៉ាងច្រើននៅក្នុងបណ្តាញសង្គម WeChat និងបណ្តាញសង្គមផ្សេងទៀត នាំឲ្យជនជាតិចិនមួយចំនួនមានការគិតមិនល្អពីស្ថានភាពសន្តិសុខក្នុងស្រុករបស់យើង។

សូមបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិនត្រូវបានឃាតកសម្លាប់ ហើយដឹកយកមកផ្លុងចោលក្នុងរថយន្តព្រូស​ ពណ៌ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 2BH-1311​ នៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

បច្ចុប្បន្ន​ជនល្មើសទាំង​ ៤នាក់នេះ ត្រូវបានបញ្ជូនខ្លួនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​ និងត្រៀមបញ្ជូនខ្លួនទៅ​សាលាដំបូងសាលាធានីភ្នំពេញ​ ចាត់ការតាមច្បាប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print