ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងស្រុកកំពង់រោទិ៍ បានបង្ក្រាបចំនួន ០៤ទីតាំង គឺទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការ សរុបចំនួន ៧៨នាក់។
យោងតាមសមត្ថកិច្ចនគរបាលខេត្ត បានអោយដឹងនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦នេះថា
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០៤ទីតាំង នៅក្រុងបាវិតចំនួន ០២ទីតាំង និងស្រុកកំពង់រោទិ៍ចំនួន ០២ទីតាំង ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៧៨នាក់ ស្រី ០៧នាក់ (ជនជាតិចិន ៥៩នាក់ ស្រី ០១នាក់, ជនជាតិវៀតណាម ១៩នាក់ ស្រី ០៦នាក់)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU ,រថយន្ត, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្នផងដែរ។










