Update:បុរសម្នាក់ប្រាប់ប្រពន្ធថាទៅហាត់ប្រាណ ស្រាប់តែបាត់ ខ្លួន៣ថ្ងៃបែរជាប្រទះឃើញសពអណ្តែតក្នុងទឹកស្រះ​

ចែករំលែក៖

ភ្នំពេញ​៖ បុរសជាមន្ត្រី​យោធា​មាន​ឋានន្តរស័ក្ដិ​អនុសេនីយ៍ឯក​១រូប បាន​បាត់​ខ្លួន​មិនឃើញ​ចូល​ផ្ទះ​រយៈពេល​៣​ថ្ងៃ ស្រាប់តែ​បុរស​អ្នក​ដាក់​មង​ម្នាក់ ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ក្នុង​សភាព​ហើម​ស្អុយ​ទៅ​វិញ ហើយ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា គាត់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្រះ​ទឹក ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​យោធា​ខាងលើ​ឈ្មោះ​ជា ឧសភា អាយុ​៤៤​ឆ្នាំ មាន​ឋានន្តរស័ក្ដិ​អនុសេនីយ៍ឯក គាត់​មាន​ប្រពន្ធ​ឈ្មោះ​ពុំ ពិសី អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២០២ ផ្លូវ​បេតុង ក្រុម​ទី​៧ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​យក​មង​១​ត្បូង​ទៅ​រាយ​នៅ​ក្នុង​ទឹកស្រះ​ខាងលើ ដើម្បី​ចាប់​ត្រី​យក​ទៅ​ធ្វើ​ម្ហូប ខណៈនោះ​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​មន្ត្រី​យោធា​រូប​នោះ​អណ្ដែត​នៅ​ក្នុង​ស្រះ​ទឹក​ខាងលើ ទើប​រាយការណ៍​ជូន​អាជ្ញាធរ​បានដឹង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ប្ដី​របស់​នាង​ប្រាប់​នាង​ថា ទៅ​ដើរ​ហាត់ប្រាណ ហើយ​ក៏​ស្រាប់តែ​បាត់​ពេញ​១​យប់ ។ លុះដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា នាង​បាន​ទៅ​ទទួលយក​កូន​ពីសា​លា​បឋម​សិក្សា​វត្ត​ព្រៃ​ស្ពឺ ក៏​ឆ្លៀត​តាម​រក​ប្ដី ហើយ​បានឃើញ​កំពុង​តែ​អង្គុយ​ផឹកស្រា​ថ្នាំ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​វី នៅ​ក្នុង​ព្រៃ​ក្បែរ​ស្រះ​ទឹក​ខាងលើ ។

ប្រពន្ធ​អ្នក​ស្លាប់​ខាងលើ​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​នាង​បាន​យក​ទូរស័ព្ទ​ពី​ប្ដី​រួច​ត្រលប់​ទៅ​ផ្ទះ​វិញ​ចំណែក​ប្ដី​នៅ​ផឹក​បន្ត ហើយ​ចាប់តាំងពី​ពេល​នោះ​មក ក៏​ស្រាប់តែ​បាត់​ប្ដី​រហូត​មិនឃើញ​ទៅ​ផ្ទះ​នោះ​ឡើយ ។ លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​មាន​គេ​ប្រាប់​ថា​ប្ដី​នាង​ឈ្មោះ​ជា ឧសភា បាន​ស្លាប់​អណ្ដែត​ទឹកស្រះ​ខាងលើ​បាត់​ទៅ​ហើយ ទើប​នាង​ប្រញាប់ប្រញាល់​ទៅ​មើល​សព​ប្ដី​ទាំង​ក្ដី​រន្ធត់​ក្នុង​ចិត្ត​បំផុត ។

...

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ ដើម្បី​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ហើយ​លទ្ធផល​រក​ឃើញ​ថា មន្ត្រី​យោធា​រូប​នោះ​ស្លាប់​ដោយ​លង់ទឹក រួច​ប្រគល់​សាកសព​ជូន​ប្រពន្ធ​និង​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​ព្រៃ​ស្ពឺ​ជិត​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print