ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ ដោយបានលើកឡើងនូវចំណុចសំខាន់ៗពាក់ព័ន្ធនឹងយោធា និងបញ្ហាព្រំដែនជាមួយប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីអតីតកាលក្នុងវិស័យការពារជាតិ ដែលកាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី គឺមិនបានត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាម ឬប្រើប្រាស់ថវិកាទៅទិញគ្រឿងសព្វាវុធនោះទេ ដោយសារតែការទុកចិត្ត និងចង់បង្វែរថវិកាទាំងនោះទៅអភិវឌ្ឍវិស័យសង្គមកិច្ច សុខាភិបាល និងអប់រំវិញ។
នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលមានបញ្ហាជម្លោះព្រំដែនឈ្លានពានកើតឡើង យុទ្ធភណ្ឌរបស់កម្ពុជានៅមានកម្រិត ដែលនេះជាការណ៍មួយដែលមិនធ្លាប់នឹកស្មានដល់។ ហើយបញ្ហាទឹកដីដែលរងការទន្ទ្រានខុសច្បាប់ពីសំណាក់ទាហានថៃ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានប្រកាសជំហរដាច់ខាតថា នឹងត្រូវតែទាមទារយកមកវិញ ហើយកម្ពុជានឹងពិចារណាលើជម្រើសពីរក្នុងការដោះស្រាយបញ្ហានេះ គឺទី១ ការប្រើប្រាស់កម្លាំងយោធា និងទី២ ការចរចាដោយសន្តិវិធី៕
ដោយ ៖ សិលា










