ក្រុមហ៊ុនផលិតជី «ជុង ហេង» នៅខណ្ឌកំបូល ក្រោយជះក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋ និងបំពុលបរិស្ថាន​ ត្រូវ​អាជ្ញាធរចុះផ្អាកដំណើរការជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន​ រោងចក្រផលិតជីមួយកន្លែង ដែលបង្ហូរទឹកកខ្វក់បណ្ដាលឱ្យមានក្លិនស្អុយ និងជះសាយភាយប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ និងបរិស្ថាន។

ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចុះសហការរួមជាមួយមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែង និងផ្អាកក្រុមហ៊ុន «ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី» ដែលប្រកបអាជីវកម្មផលិតជីកសិកម្ម ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល ជាបណ្តោះអាសន្ន។

បើតាមការបញ្ជាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦​ បានឱ្យដឹងថា​ការផ្អាកនេះធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋថា សកម្មភាពរបស់ក្រុមហ៊ុនបានបង្កក្លិនស្អុយ និងផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងអាជីវកម្ម។ លោកអភិបាលខណ្ឌរូបនេះ​ បន្តថា «ការអនុវត្តច្បាប់ខាងលើនេះ ធ្វើឡើងកាលពីសប្តាហ៍មុនពោលគឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦»។

លោកអភិបាល​ បានបន្តថា បន្ទាប់ពីការពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន ដោយតម្រូវឱ្យម្ចាស់សិប្បកម្មផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកាន់កន្លែងសមស្រប ដែលមិនបង្កផលប៉ះពាល់ដល់ សហគមន៍ ព្រមទាំងទប់ស្កាត់ការហូរសំណល់រាវចូលដីស្រែរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការនាំចូលសំណល់សម្រាប់ធ្វើអាជីវកម្មជាបន្តទៀត ហើយត្រូវរៀបចំប្រមូល និងរក្សាទុកសំណល់ដែលមានស្រាប់ឱ្យបានត្រឹមត្រូវក្នុងរយៈពេលពីរសប្តាហ៍ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ ដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ​ អាជ្ញាធរតម្រូវឱ្យម្ចាស់សិប្បកម្មទទួលខុសត្រូវផ្តល់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាពិសេសអ្នកដែលមិនអាចប្រើប្រាស់ដីស្រែសម្រាប់ការបង្កបង្កើនផលបាន។ លើសពីនេះ ប្រសិនបើក្រុមហ៊ុនមានបំណងបើក ដំណើរការ អាជីវកម្មឡើងវិញ នោះត្រូវស្នើសុំការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច និងឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃតាមនីតិវិធីជាមុនសិន។​ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន ដោយតម្រូវឱ្យម្ចាស់សិប្បកម្មផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកាន់កន្លែងសមស្រប ដែលមិនបង្កផលប៉ះពាល់ដល់សហគមន៍ ព្រមទាំងទប់ស្កាត់ការហូរសំណល់រាវចូលដីស្រែរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា​ ចំពោះវិធានការក្តៅនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងការការពារបរិស្ថាន សុខភាពសាធារណៈ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវចំពោះសង្គម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print