អបអរសាទរ! កម្ពុជា យកឈ្នះហុងកុងលើកដំបូងដោយលទ្ធផល ២-០ ក្រោយរង់ចាំជិត ៧០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានសាងប្រវត្តិសាស្ដ្រថ្មី ដោយបានយកឈ្នះក្រុមជម្រើសកោះហុងកុងលើកដំបូង ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

នេះគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ និងជាការទន្ទឹងរង់ចាំយ៉ាងយូររបស់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីក្រុមគោព្រៃកម្ពុជា ដោយចំណាយពេលជិត ៧០ឆ្នាំ បើគិតចាប់ពីឆ្នាំ១៩៥៧ រហូតដល់បច្ចុប្បន្ន ទើបក្រុមជម្រើសជាតិកម្ពុជា អាចស្គាល់ជ័យជម្នះលើកដំបូងលើហុងកុង។

សម្រាប់ជំនួបដ៏ជក់ចិត្ត ចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់ នៅរាត្រីថ្ងៃទី៩ ខែមិថុនានេះ កីឡាករ Yudia Ogawa បានរកគ្រាប់បាល់នាំមុខឲ្យម្ចាស់ផ្ទះ ១គ្រាប់មុន នៅចុងវគ្គទី១ មុនមិត្តរួមក្រុម សៀង ចន្ធា រកបានគ្រាប់បាល់ទី២ បន្ថែម នៅនាទី៥០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីហុងកុង ព្យាយាមវាយបកខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់កម្ពុជាបានឡើយ។

គួរដឹងថា នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមហុងកុង ក្នុងប្រវត្តិជួបគ្នាចំនួន ១២លើក ខណៈជួបគ្នា ១១លើកកន្លងមក កម្ពុជាធ្លាប់ស្មើ ៣លើក និងចាញ់ ៨លើក ។ ជ័យជម្នះនេះ ត្រូវបានអ្នកគាំទ្រ សម្ដែងការគាំទ្រ និងសប្បាយរីករាយជាខ្លាំង ចំពោះភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print